17 ទាំងមានបន្ទូលបង្រៀនពួកគេថា៖ «តើគ្មានសេចក្ដីចែងទុកទេឬអីថា ដំណាក់របស់យើងត្រូវហៅថា ដំណាក់សម្រាប់ជនជាតិទាំងអស់អធិស្ឋាន? ប៉ុន្ដែអ្នករាល់គ្នាបានធ្វើឲ្យដំណាក់នេះត្រលប់ជាសំបុកចោរវិញ»
18 កាលសម្ដេចសង្ឃ និងគ្រូវិន័យបានឮដូច្នេះ ពួកគេក៏រកមធ្យោបាយសម្លាប់ព្រះអង្គ តែពួកគេខ្លាច ព្រោះបណ្ដាជនទាំងអស់កំពុងតែនឹកអស្ចារ្យក្នុងចិត្ដអំពីសេចក្ដីបង្រៀនរបស់ព្រះអង្គ
19 ហើយនៅល្ងាចនោះ ព្រះអង្គបានចាកចេញទៅក្រៅក្រុង។
20 លុះព្រលឹមឡើង កាលពួកគេទៅជិតដើមល្វា ក៏ឃើញវាក្រៀមស្វិតរហូតដល់ឫស
21 កាលលោកពេត្រុសនឹកចាំ ក៏ទូលព្រះអង្គថា៖ «លោកគ្រូ មើលចុះ ដើមល្វាដែលលោកដាក់បណ្ដាសានោះ ក្រៀមស្វិតទៅហើយ»
22 ព្រះយេស៊ូមានបន្ទូលតបទៅពួកគេថា៖ «ចូរមានជំនឿលើព្រះជាម្ចាស់ចុះ
23 ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អ្នកណាក៏ដោយដែលនិយាយទៅភ្នំនេះថា ចូររើ ហើយធ្លាក់ទៅក្នុងសមុទ្រទៅ ដោយគ្មានចិត្ដសង្ស័យ តែជឿថាអ្វីដែលគាត់និយាយនឹងកើតឡើងមែន នោះនឹងបានសម្រេចដល់គាត់