26 [ប៉ុន្ដែប្រសិនបើអ្នករាល់គ្នាមិនលើកលែងទោសឲ្យគាត់ទេ នោះព្រះវរបិតាក៏មិនលើកលែងចំពោះកំហុសរបស់អ្នករាល់គ្នាដែរ»]។
27 រួចពួកគេក៏មកក្រុងយេរូសាឡិមម្ដងទៀត ហើយពេលដែលព្រះអង្គកំពុងដើរក្នុងព្រះវិហារ ពួកសម្ដេចសង្ឃ ពួកគ្រូវិន័យ និងពួកចាស់ទុំបានដើរសំដៅមកឯព្រះអង្គ
28 ហើយពួកគេសួរព្រះអង្គថា៖ «តើអ្នកធ្វើការទាំងនេះដោយសិទ្ធិអំណាចអ្វី? តើនរណាឲ្យសិទ្ធិអំណាចអ្នកធ្វើការទាំងនេះ?»
29 ព្រះយេស៊ូមានបន្ទូលទៅគេថា៖ «ខ្ញុំនឹងសួរពួកលោកមួយសំណួរដែរ សូមពួកលោកឆ្លើយនឹងខ្ញុំ នោះខ្ញុំនឹងប្រាប់ពួកលោកថា ខ្ញុំធ្វើការទាំងនេះដោយសិទ្ធិអំណាចអ្វី។
30 តើពិធីជ្រមុជរបស់លោកយ៉ូហានមកពីស្ថានសួគ៌ ឬក៏មកពីមនុស្ស? សូមឆ្លើយប្រាប់ខ្ញុំផង»
31 ពួកគេក៏ពិគ្រោះគ្នាថា៖ «ប្រសិនបើយើងឆ្លើយថា មកពីស្ថានសួគ៌ នោះគាត់នឹងនិយាយថា ចុះហេតុអ្វីបានជាពួកលោកមិនជឿលោកយ៉ូហាន?
32 តើយើងគួរនិយាយថា មកពីមនុស្សឬ?» (ពួកគេខ្លាចពួកបណ្ដាជន ព្រោះមនុស្សគ្រប់គ្នារាប់លោកយ៉ូហានថាជាអ្នកនាំព្រះបន្ទូលពិតប្រាកដ)