13 រួចពួកគេចាត់ពួកអ្នកខាងគណៈផារិស៊ី និងពួកអ្នកខាងគណៈហេរ៉ូឌខ្លះឲ្យទៅឯព្រះអង្គ ដើម្បីចាប់កំហុសពេលព្រះអង្គមានបន្ទូល
14 ពេលមកដល់ ពួកគេសួរព្រះអង្គថា៖ «លោកគ្រូ យើងដឹងថា លោកពិតត្រង់ លោកមិនខ្វល់ពីអ្នកណាទេ ព្រោះលោកមិនយោគយល់មុខមនុស្សឡើយ ផ្ទុយទៅវិញ លោកបង្រៀនពីផ្លូវរបស់ព្រះជាម្ចាស់ទៅតាមសេចក្ដីពិត។ ដូច្នេះ តើការបង់ពន្ធឲ្យព្រះចៅអធិរាជនោះ តឹ្រមត្រូវតាមវិន័យដែរឬទេ? តើយើងគួរបង់ ឬក៏មិនគួរបង់?»
15 ព្រះអង្គជ្រាបពីពុតត្បុតពួកគេ ក៏មានបន្ទូលទៅពួកគេថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នាល្បងលខ្ញុំដូច្នេះ? ចូរយកប្រាក់មួយឌេណារីឲ្យខ្ញុំ»
16 គេក៏យកកាក់មួយឲ្យទៅព្រះអង្គ រួចព្រះអង្គសួរពួកគេថា៖ «តើរូប និងចំណារលើកាក់នេះជារបស់នរណា?» ពួកគេទូលព្រះអង្គថា៖ «ជារបស់ព្រះចៅអធិរាជ»
17 ព្រះយេស៊ូមានបន្ទូលទៅពួកគេថា៖ «ចូរឲ្យអ្វីៗដែលជារបស់ព្រះចៅអធិរាជដល់ព្រះចៅអធិរាជ ហើយថ្វាយអ្វីៗដែលជារបស់ព្រះជាម្ចាស់ដល់ព្រះជាម្ចាស់ចុះ» ពួកគេក៏នឹកអស្ចារ្យនឹងព្រះអង្គ។
18 ឯពួកអ្នកខាងគណៈសាឌូស៊ីដែលនិយាយថាគ្មានការរស់ឡើងវិញ បានមកឯព្រះអង្គ ហើយសួរព្រះអង្គថា៖
19 «លោកគ្រូ លោកម៉ូសេបានសរសេរទុកសម្រាប់យើងថា ប្រសិនបើបងប្រុសរបស់អ្នកណាម្នាក់ស្លាប់ចោលប្រពន្ធ ដោយមិនទាន់មានកូន ប្អូនប្រុសអ្នកស្លាប់នោះត្រូវយកប្រពន្ធរបស់បង ហើយបង្កើតកូនឲ្យបងប្រុសរបស់គាត់។