21 នៅពេលនោះ ប្រសិនបើមាននរណាម្នាក់ប្រាប់អ្នកថា៖ «មើលនែ! ព្រះគ្រិស្ដនៅទីនេះ ព្រះគ្រិស្ដនៅទីនោះ» ចូរកុំជឿឲ្យសោះ
22 ព្រោះពួកមនុស្សដែលក្លែងជាព្រះគ្រិស្ដ និងពួកអ្នកនាំព្រះបន្ទូលក្លែងក្លាយជាច្រើននឹងក្រោកឡើង ហើយពួកគេនឹងសំដែងទីសំគាល់ និងការអស្ចារ្យ ដើម្បីបោកបញ្ឆោតអ្នកដែលព្រះអម្ចាស់បានជ្រើសរើស ប្រសិនបើអាចធ្វើបាន
23 ដូច្នេះ អ្នករាល់គ្នាត្រូវប្រយ័ត្ន ព្រោះខ្ញុំបានប្រាប់អ្នករាល់គ្នាសព្វគ្រប់ជាមុនរួចហើយ
24 ប៉ុន្ដែក្រោយគ្រាទុក្ខវេទនាទាំងនោះ ដួងអាទិត្យនឹងអាប់រស្មី ហើយលោកខែនឹងមិនបញ្ចេញពន្លឺទៀតទេ
25 ឯផ្កាយទាំងឡាយនឹងធ្លាក់ចុះពីលើមេឃ ហើយអំណាចនៅស្ថានសួគ៌នឹងរង្គោះរង្គើ
26 បន្ទាប់មក ពួកគេនឹងឃើញកូនមនុស្សមកនៅលើពពក ប្រកបដោយអំណាច និងសិរីរុងរឿងដ៏អស្ចារ្យ
27 នៅពេលនោះ លោកនឹងចាត់ពួកទេវតាឲ្យប្រមូលអ្នកដែលលោកជ្រើសរើសទាំងបួនទិស គឺពីចុងបំផុតនៃផែនដីរហូតដល់ជើងមេឃ