43 កាលព្រះអង្គកំពុងមានបន្ទូលនៅឡើយ នោះយូដាសជាសាវកម្នាក់ នៅក្នុងចំណោមសាវកទាំងដប់ពីរក៏មកដល់ភ្លាម ហើយមានមនុស្សមួយក្រុមប្រដាប់ដោយដាវ និងដំបងមកជាមួយគាត់ដែរ អ្នកទាំងនោះមកពីខាងពួកសម្ដេចសង្ឃ ពួកគ្រូវិន័យ និងពួកចាស់ទុំ
44 អ្នកក្បត់ព្រះអង្គម្នាក់នោះបានឲ្យសញ្ញាទៅពួកគេ ដោយនិយាយថា៖ «ខ្ញុំថើបអ្នកណា គឺអ្នកនោះហើយ ចូរចាប់គាត់ ហើយនាំគាត់ទៅដោយប្រយ័ត្នប្រយែងចុះ»
45 គាត់ចូលមកភ្លាម ក៏ចូលទៅជិតព្រះអង្គទាំងទូលថា៖ «លោកគ្រូ» រួចក៏ថើបព្រះអង្គ
46 ហើយពួកគេក៏លូកដៃចាប់ព្រះអង្គ
47 តែមនុស្សម្នាក់ឈរនៅជិតនោះ បានហូតដាវ កាត់ដាច់ត្រចៀកបាវបម្រើម្នាក់របស់សម្ដេចសង្ឃ
48 ព្រះយេស៊ូក៏មានបន្ទូលទៅពួកគេថា៖ «តើអ្នករាល់គ្នាមកតទល់នឹងចោរឬអី បានជាមកចាប់ខ្ញុំទាំងមានដាវ និងដំបងដូច្នេះ?
49 ខ្ញុំនៅជាមួយអ្នករាល់គ្នារាល់ថ្ងៃ ទាំងបង្រៀននៅក្នុងព្រះវិហារផង អ្នករាល់គ្នាមិនចាប់ខ្ញុំទេ ប៉ុន្ដែការនេះកើតឡើង ដើម្បីឲ្យបានសម្រេចតាមបទគម្ពីរ»