14 រួចព្រះអង្គបានតែងតាំងដប់ពីរនាក់ហៅថាសាវក ដើម្បីឲ្យនៅជាមួយព្រះអង្គ និងដើម្បីឲ្យព្រះអង្គបានចាត់គេចេញទៅប្រកាស
15 ទាំងឲ្យគេមានសិទ្ធិអំណាចប្រោសជំងឺ និងបណ្ដេញអារក្សផង
16 ព្រះអង្គបានតែងតាំងសាវកទាំងដប់ពីរដូចតទៅ ព្រះអង្គដាក់ឈ្មោះលោកស៊ីម៉ូនថា «ពេត្រុស»
17 ហើយលោកយ៉ាកុប និងលោកយ៉ូហានជាប្អូន ត្រូវជាកូនលោកសេបេដេ ព្រះអង្គបានដាក់ឈ្មោះថា «បោនអ៊ើកេ» មានន័យថា «កូនផ្គរលាន់»
18 និងលោកអនទ្រេ លោកភីលីព លោកបារថូឡូមេ លោកម៉ាថាយ លោកថូម៉ាស លោកយ៉ាកុបជាកូនអាល់ផាយ លោកថាដេ លោកស៊ីម៉ូនជាអ្នកជាតិនិយម
19 ព្រមទាំងយូដាសអ៊ីស្ការីយ៉ុតជាអ្នកក្បត់ព្រះអង្គផងដែរ។
20 ព្រះអង្គយាងចូលទៅក្នុងផ្ទះមួយ ហើយបណ្ដាជនក៏មកជួបជុំគ្នាម្ដងទៀត ដូច្នេះហើយបានជាព្រះអង្គ និងពួកសិស្សមិនអាចបរិភោគបាន