31 នគរព្រះជាម្ចាស់ប្រៀបដូចជាគ្រាប់មូតា ជាគ្រាប់តូចល្អិតជាងគ្រាប់ពូជណាៗទាំងអស់នៅលើផែនដី
32 ប៉ុន្ដែនៅពេលដែលគេព្រោះគ្រាប់ពូជនោះទៅ វាក៏ដុះឡើងធំជាងរុក្ខជាតិទាំងអស់ និងមានមែកធំៗ ហើយសត្វស្លាបហើរលើអាកាសអាចធ្វើសំបុកក្រោមម្លប់របស់វាបាន»។
33 ព្រះអង្គបានប្រកាសព្រះបន្ទូលដល់ពួកគេជារឿងប្រៀបប្រដូចស្រដៀងគ្នាជាច្រើនដែលពួកគេអាចស្ដាប់បាន។
34 ព្រះអង្គមិនបានមានបន្ទូលទៅពួកគេ ក្រៅពីរឿងប្រៀបប្រដូចឡើយ តែពេលនៅតែឯងជាមួយនឹងពួកសិស្ស ព្រះអង្គបានពន្យល់ប្រាប់សព្វគ្រប់។
35 នៅល្ងាចថ្ងៃនោះ ព្រះអង្គមានបន្ទូលទៅពួកគេថា៖ «ចូរយើងឆ្លងទៅឯត្រើយម្ខាង»។
36 ពួកគេក៏ចាកចេញពីបណ្ដាជន ឯព្រះយេស៊ូនៅតែគង់នៅលើទូកនោះ និងមានទូកផ្សេងទៀតបានទៅជាមួយព្រះអង្គដែរ។
37 មានខ្យល់ព្យុះធំមួយកើតឡើង ហើយរលកបានបោកបក់ទៅលើទូក ធ្វើឲ្យទឹកចូលស្ទើរពេញទូក