1 ព្រះអង្គមានបន្ទូលទៅគេទៀតថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អ្នកខ្លះកំពុងឈរនៅទីនេះនឹងមិនស្លាប់ទេ លុះត្រាបានឃើញនគរព្រះជាម្ចាស់មកប្រកបដោយអំណាច»។
2 ប្រាំមួយថ្ងៃក្រោយមក ព្រះយេស៊ូនាំលោកពេត្រុស លោកយ៉ាកុប និងលោកយ៉ូហានទៅដាច់ដោយឡែកពីគេ ឡើងលើភ្នំមួយខ្ពស់ ហើយព្រះអង្គទៅជាមានរូបរាងប្លែកនៅចំពោះមុខពួកគេ
3 ឯអាវរបស់ព្រះអង្គប្រែជាសភ្លឺចាំង គ្មានអ្នកបោកគក់ណានៅផែនដីនេះអាចធ្វើឲ្យសដូច្នោះបានឡើយ
4 ហើយលោកអេលីយ៉ា និងលោកម៉ូសេបានលេចមកឲ្យពួកគេឃើញ ពួកគាត់ទាំងពីរកំពុងនិយាយនឹងព្រះយេស៊ូ
5 លោកពេត្រុសទូលទៅព្រះអង្គថា៖ «លោកគ្រូ ជាការល្អណាស់ ដែលយើងបាននៅទីនេះ សូមឲ្យយើងធ្វើរោងបីទៅ គឺមួយសម្រាប់លោក មួយសម្រាប់លោកម៉ូសេ និងមួយទៀតសម្រាប់លោកអេលីយ៉ា»
6 ដ្បិតគាត់មិនដឹងថាត្រូវនិយាយអ្វីទេ ព្រោះពួកគេភ័យខ្លាចយ៉ាងខ្លាំង