ម៉ាកុស 9:2-8 KCB

2 ប្រាំ​មួយ​ថ្ងៃ​ក្រោយ​មក​ ព្រះយេស៊ូ​នាំ​លោក​ពេត្រុស​ លោក​យ៉ាកុប​ និង​លោក​យ៉ូហាន​ទៅ​ដាច់​ដោយ​ឡែក​ពី​គេ​ ឡើង​លើ​ភ្នំ​មួយ​ខ្ពស់​ ហើយ​ព្រះអង្គ​ទៅ​ជា​មាន​រូប​រាង​ប្លែក​នៅ​ចំពោះ​មុខ​ពួកគេ​

3 ឯ​អាវ​របស់​ព្រះអង្គ​ប្រែ​ជា​ស​ភ្លឺ​ចាំង​ គ្មាន​អ្នក​បោក​គក់​ណា​នៅ​ផែន​ដី​នេះ​អាច​ធ្វើ​ឲ្យ​ស​ដូច្នោះ​បាន​ឡើយ​

4 ហើយ​លោក​អេលី​យ៉ា​ និង​លោក​ម៉ូសេ​បាន​លេច​មក​ឲ្យ​ពួកគេ​ឃើញ​ ពួក​គាត់​ទាំង​ពីរ​កំពុង​និយាយ​នឹង​ព្រះយេស៊ូ​

5 លោក​ពេត្រុស​ទូល​ទៅ​ព្រះអង្គ​ថា៖​ «លោក​គ្រូ​ ជា​ការ​ល្អ​ណាស់​ ដែល​យើង​បាន​នៅ​ទី​នេះ​ សូម​ឲ្យ​យើង​ធ្វើ​រោង​បី​ទៅ​ គឺ​មួយ​សម្រាប់​លោក​ មួយ​សម្រាប់​លោក​ម៉ូសេ​ និង​មួយ​ទៀត​សម្រាប់​លោក​អេលីយ៉ា»​

6 ដ្បិត​គាត់​មិន​ដឹង​ថា​ត្រូវ​និយាយ​អ្វី​ទេ​ ព្រោះ​ពួកគេ​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង​

7 នោះ​មាន​ពពក​លេច​មក​គ្រប​បាំង​ពួក​គាត់​ និង​មាន​សំឡេង​ចេញ​ពី​ពពក​មក​ថា៖​ «នេះ​ជា​បុត្រ​ជា​ទី​ស្រឡាញ់​របស់​យើង​ ចូរ​ស្ដាប់​តាម​ព្រះអង្គ​ចុះ»​

8 ភ្លាម​នោះ​ ពួកគេ​មើល​ជុំវិញ​ខ្លួន​ ហើយ​មិន​បាន​ឃើញ​អ្នក​ណា​សោះ​ ក្រៅ​ពី​ព្រះយេស៊ូ​មួយ​អង្គ​គត់​ ដែល​នៅ​ជាមួយ​ពួកគេ​