18 ព្រះយេស៊ូមានបន្ទូលទៅគាត់ថា៖ «ហេតុអ្វីអ្នកហៅខ្ញុំថាល្អដូច្នេះ គ្មាននរណាម្នាក់ល្អទេ លើកលែងតែព្រះជាម្ចាស់មួយអង្គគត់
19 អ្នកស្គាល់បញ្ញត្ដិហើយថា កុំសម្លាប់ កុំផិតក្បត់ កុំលួច កុំធ្វើសាក្សីក្លែងក្លាយ កុំគៃបន្លំ និងចូរគោរពឪពុកម្ដាយរបស់អ្នក»
20 គាត់ទូលព្រះអង្គថា៖ «លោកគ្រូ ខ្ញុំបានធ្វើតាមបញ្ញត្ដិទាំងនេះតាំងពីខ្ញុំវ័យជំទង់ម៉្លេះ»
21 ប៉ុន្ដែព្រះអង្គមើលទៅគាត់ដោយក្ដីស្រឡាញ់ និងមានបន្ទូលទៅគាត់ថា៖ «អ្នកនៅខ្វះសេចក្ដីមួយ ចូរទៅលក់ទ្រព្យសម្បត្ដិដែលអ្នកមានទាំងឡាយឲ្យអ្នកក្រចុះ អ្នកនឹងមានទ្រព្យសម្បត្ដិនៅស្ថានសួគ៌ រួចចូរមកតាមខ្ញុំចុះ»
22 ប៉ុន្ដែគាត់ព្រួយចិត្ដដោយសារឮព្រះបន្ទូលនេះ ហើយបានចាកចេញទៅទាំងសោកសៅ ព្រោះគាត់មានទ្រព្យសម្បត្ដិច្រើន
23 ពេលព្រះយេស៊ូមើលជុំវិញហើយ ក៏មានបន្ទូលទៅពួកសិស្សព្រះអង្គថា៖ «អ្នកមានពិបាកនឹងចូលទៅក្នុងនគរព្រះជាម្ចាស់ណាស់»
24 ពួកសិស្សឆ្ងល់នឹងព្រះបន្ទូលព្រះអង្គ ប៉ុន្ដែព្រះយេស៊ូមានបន្ទូលតបទៀតថា៖ «កូនអើយ! ការចូលក្នុងនគរព្រះជាម្ចាស់ នោះពិបាកណាស់