2 ពួកអ្នកខាងគណៈផារីស៊ីចូលមកល្បងលព្រះអង្គ ដោយទូលសួរថា៖ «បើប្ដីលែងប្រពន្ធ តើវិន័យអនុញ្ញាតដែរឬទេ?»
3 ព្រះអង្គមានបន្ទូលឆ្លើយទៅពួកគេថា៖ «តើលោកម៉ូសេបង្គាប់អ្នករាល់គ្នាយ៉ាងដូចម្ដេចខ្លះ?»
4 ពួកគេនិយាយថា៖ «លោកម៉ូសេអនុញ្ញាតឲ្យបុរសសរសេរសំបុត្រលែងលះ រួចលែងប្រពន្ធ»
5 ព្រះយេស៊ូមានបន្ទូលទៅពួកគេថា៖ «នោះព្រោះតែអ្នករាល់គ្នាមានចិត្ដរឹងរូស បានជាលោកម៉ូសេសរសេរបញ្ញត្ដិនេះសម្រាប់អ្នករាល់គ្នា
6 តែព្រះជាម្ចាស់បានបង្កើតពួកគេជាប្រុស ជាស្រី តាំងពីដើមកំណើតពិភពលោកមកម៉្លេះ
7 ដោយហេតុនេះ បានជាមនុស្សប្រុសនឹងចាកចេញពីឪពុកម្ដាយ ទៅរួមរស់ជាមួយប្រពន្ធរបស់ខ្លួន
8 អ្នកទាំងពីរនឹងត្រលប់ជាសាច់តែមួយ ដូច្នេះ ពួកគេមិនមែនពីរនាក់ទៀតទេ តែជាសាច់តែមួយវិញ