29 ព្រះយេស៊ូមានបន្ទូលថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា គ្មានអ្នកណាដែលព្រមលះបង់ផ្ទះសំបែង កូន ឪពុកម្ដាយ បងប្អូនប្រុសស្រី ស្រែចម្ការ ព្រោះយល់ដល់ខ្ញុំ និងដំណឹងល្អ
30 មិនទទួលបានមួយជាមួយរយនោះទេ គឺនៅពេលនេះទទួលបានផ្ទះសំបែង បងប្អូនប្រុសស្រី ម្ដាយ កូន និងស្រែចម្ការ ព្រមជាមួយនឹងការបៀតបៀន ហើយនៅលោកខាងមុខនឹងបានទទួលជីវិតអស់កល្បជានិច្ចជាមិនខាន
31 ហើយមនុស្សជាច្រើនដែលនៅមុខគេ នឹងត្រលប់ជាក្រោយគេបង្អស់ រីឯអ្នកនៅក្រោយគេបង្អស់ នឹងបាននៅមុខគេវិញ»។
32 កាលពួកគេកំពុងធ្វើដំណើរតាមផ្លូវទៅក្រុងយេរូសាឡិម ព្រះយេស៊ូនាំមុខពួកគេ រីឯអ្នកដែលដើរតាមព្រះអង្គបានតក់ស្លុត និងភ័យខ្លាចជាខ្លាំង រួចពេលប្រមូលសាវកទាំងដប់ពីរមកម្ដងទៀតហើយ ព្រះអង្គក៏ចាប់ផ្ដើមមានបន្ទូលប្រាប់ពួកគេអំពីអ្វីៗដែលនឹងកើតចំពោះព្រះអង្គថា៖
33 «មើល៍ យើងកំពុងឡើងទៅក្រុងយេរូសាឡិម រីឯកូនមនុស្សនឹងត្រូវគេប្រគល់ឲ្យទៅពួកសម្ដេចសង្ឃ និងគ្រូវិន័យ ហើយពួកគេនឹងកាត់ទោសប្រហារជីវិតលោក រួចប្រគល់លោកឲ្យទៅសាសន៍ដទៃ
34 ហើយពួកគេនឹងចំអកឲ្យលោក ស្ដោះទឹកមាត់ដាក់លោក វាយនឹងខ្សែតី រួចសម្លាប់លោក ប៉ុន្ដែបីថ្ងៃក្រោយ លោកនឹងរស់ឡើងវិញ»។
35 លោកយ៉ូហាន និងលោកយ៉ាកុប ជាកូនលោកសេបេដេបានមករកព្រះអង្គ និងទូលព្រះអង្គថា៖ «លោកគ្រូ យើងចង់ឲ្យលោកធ្វើតាមសំណូមរបស់យើង»