ម៉ាកុស 11:25-31 KCB

25 ហើយ​ពេល​អ្នក​រាល់គ្នា​ឈរ​អធិស្ឋាន​ ប្រសិន​បើ​អ្នក​រាល់គ្នា​មាន​អ្វី​មួយ​ទាស់​នឹង​អ្នក​ណា​ម្នាក់​ ចូរ​លើក​លែង​ទោស​ឲ្យ​គាត់​ ដើម្បី​ឲ្យ​ព្រះ​វរ​បិតា​អ្នក​រាល់គ្នា​ដែល​គង់​នៅ​ស្ថាន​សួគ៌​លើក​លែង​ទោស​ចំពោះ​កំហុស​របស់​អ្នក​រាល់គ្នា​ដែរ​

26 [ប៉ុន្ដែ​ប្រសិន​បើ​អ្នក​រាល់គ្នា​មិន​លើក​លែង​ទោស​ឲ្យ​គាត់​ទេ​ នោះ​ព្រះ​វរ​បិតា​ក៏​មិន​លើក​លែង​ចំពោះ​កំហុស​របស់​អ្នក​រាល់គ្នា​ដែរ»]។​

27 រួច​ពួកគេ​ក៏​មក​ក្រុង​យេរូសាឡិម​ម្ដង​ទៀត​ ហើយ​ពេល​ដែល​ព្រះអង្គ​កំពុង​ដើរ​ក្នុង​ព្រះវិហារ​ ពួក​សម្ដេច​សង្ឃ​ ពួក​គ្រូ​វិន័យ​ និងពួក​ចាស់​ទុំ​បាន​ដើរ​សំដៅ​មក​ឯ​ព្រះអង្គ​

28 ហើយ​ពួកគេ​សួរ​ព្រះអង្គ​ថា៖​ «តើ​អ្នក​ធ្វើ​ការ​ទាំង​នេះ​ដោយ​សិទ្ធិ​អំណាច​អ្វី?​ តើ​នរណា​ឲ្យ​សិទ្ធិ​អំណាច​អ្នក​ធ្វើ​ការ​ទាំង​នេះ?»​

29 ​ព្រះ​យេស៊ូ​មាន​បន្ទូល​ទៅ​គេ​ថា​៖​ «ខ្ញុំ​នឹង​សួរ​ពួក​លោក​មួយ​សំណួរ​ដែរ​ ​សូម​ពួក​លោក​ឆ្លើយ​នឹងខ្ញុំ​ នោះ​ខ្ញុំ​នឹង​ប្រាប់ពួកលោក​ថា​ ខ្ញុំ​ធ្វើ​ការ​ទាំង​នេះដោយ​សិទ្ធិ​អំណាច​អ្វី។

30 តើ​ពិធី​ជ្រមុជ​របស់​លោក​យ៉ូហាន​មក​ពី​ស្ថាន​សួគ៌​ ឬ​ក៏មក​ពី​មនុស្ស​?​ សូម​ឆ្លើយប្រាប់​ខ្ញុំ​ផង​»

31 ​ពួក​គេ​ក៏​ពិគ្រោះ​គ្នា​ថា​៖​ «ប្រសិន​បើ​យើង​ឆ្លើយ​ថា មក​ពី​ស្ថាន​សួគ៌​ ​នោះ​គាត់​នឹង​និយាយ​ថា​ ចុះ​ហេតុ​អ្វី​បាន​ជា​ពួក​លោក​មិន​ជឿ​លោក​យ៉ូហាន​?