14 ពេលមកដល់ ពួកគេសួរព្រះអង្គថា៖ «លោកគ្រូ យើងដឹងថា លោកពិតត្រង់ លោកមិនខ្វល់ពីអ្នកណាទេ ព្រោះលោកមិនយោគយល់មុខមនុស្សឡើយ ផ្ទុយទៅវិញ លោកបង្រៀនពីផ្លូវរបស់ព្រះជាម្ចាស់ទៅតាមសេចក្ដីពិត។ ដូច្នេះ តើការបង់ពន្ធឲ្យព្រះចៅអធិរាជនោះ តឹ្រមត្រូវតាមវិន័យដែរឬទេ? តើយើងគួរបង់ ឬក៏មិនគួរបង់?»
15 ព្រះអង្គជ្រាបពីពុតត្បុតពួកគេ ក៏មានបន្ទូលទៅពួកគេថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នាល្បងលខ្ញុំដូច្នេះ? ចូរយកប្រាក់មួយឌេណារីឲ្យខ្ញុំ»
16 គេក៏យកកាក់មួយឲ្យទៅព្រះអង្គ រួចព្រះអង្គសួរពួកគេថា៖ «តើរូប និងចំណារលើកាក់នេះជារបស់នរណា?» ពួកគេទូលព្រះអង្គថា៖ «ជារបស់ព្រះចៅអធិរាជ»
17 ព្រះយេស៊ូមានបន្ទូលទៅពួកគេថា៖ «ចូរឲ្យអ្វីៗដែលជារបស់ព្រះចៅអធិរាជដល់ព្រះចៅអធិរាជ ហើយថ្វាយអ្វីៗដែលជារបស់ព្រះជាម្ចាស់ដល់ព្រះជាម្ចាស់ចុះ» ពួកគេក៏នឹកអស្ចារ្យនឹងព្រះអង្គ។
18 ឯពួកអ្នកខាងគណៈសាឌូស៊ីដែលនិយាយថាគ្មានការរស់ឡើងវិញ បានមកឯព្រះអង្គ ហើយសួរព្រះអង្គថា៖
19 «លោកគ្រូ លោកម៉ូសេបានសរសេរទុកសម្រាប់យើងថា ប្រសិនបើបងប្រុសរបស់អ្នកណាម្នាក់ស្លាប់ចោលប្រពន្ធ ដោយមិនទាន់មានកូន ប្អូនប្រុសអ្នកស្លាប់នោះត្រូវយកប្រពន្ធរបស់បង ហើយបង្កើតកូនឲ្យបងប្រុសរបស់គាត់។
20 មានបងប្អូនប្រុសប្រាំពីរនាក់ បងប្រុសច្បងបានយកប្រពន្ធ ហើយក៏ស្លាប់ទៅ ដោយមិនទាន់មានកូន