22 កាលពួកគេកំពុងបរិភោគ នោះព្រះអង្គយកនំប៉័ងមកឲ្យពរ ហើយកាច់ចែកឲ្យពួកគេ ទាំងមានបន្ទូលថា៖ «ចូរទទួលចុះ នេះជារូបកាយរបស់ខ្ញុំ»
23 បន្ទាប់មក ព្រះអង្គយកពែងមកអរព្រះគុណ ហើយឲ្យពែងនោះដល់ពួកគេ គេគ្រប់គ្នាក៏ផឹកពីពែងនោះ
24 រួចព្រះអង្គមានបន្ទូលទៅពួកគេថា៖ «នេះជាឈាមរបស់ខ្ញុំ គឺជាឈាមនៃកិច្ចព្រមព្រៀងដែលបានបង្ហូរសម្រាប់មនុស្សជាច្រើន
25 ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ខ្ញុំនឹងមិនផឹកពីផលទំពាំងបាយជូរទៀតទេ រហូតដល់ថ្ងៃដែលខ្ញុំនឹងផឹកជាថ្មីនៅក្នុងនគរព្រះជាម្ចាស់»
26 ក្រោយពីច្រៀងចម្រៀងសរសើរតម្កើងរួច ពួកគេក៏ចេញទៅភ្នំដើមអូលីវ។
27 ព្រះយេស៊ូមានបន្ទូលទៅពួកគេថា៖ «នៅយប់នេះ គ្រប់គ្នានឹងជំពប់ដួល ព្រោះមានសេចក្ដីចែងទុកមកថា យើងនឹងវាយអ្នកគង្វាល ហើយចៀមនឹងខ្ចាត់ខ្ចាយទៅ
28 ប៉ុន្ដែបន្ទាប់ពីខ្ញុំរស់ឡើងវិញ ខ្ញុំនឹងទៅស្រុកកាលីឡេមុនអ្នករាល់គ្នា»