ម៉ាកុស 14:60-66 KCB

60 សម្ដេច​សង្ឃ​ក៏​ក្រោក​ឈរ​ឡើង​នៅ​កណ្ដាល​ពួកគេ​ សួរ​ព្រះយេស៊ូ​ថា៖​ «តើ​អ្នក​គ្មាន​ចម្លើយ​ចំពោះ​អ្វី​ដែល​អ្នក​ទាំង​នេះ​បាន​ចោទ​ប្រកាន់​អ្នក​ទេ​ឬ?»​

61 តែ​ព្រះអង្គ​នៅ​ស្ងៀម​ មិន​ឆ្លើយ​អ្វី​ឡើយ​ សម្ដេច​សង្ឃ​ក៏​សួរ​ព្រះអង្គ​ទៀត​ថា៖​ «តើ​អ្នក​ជា​ព្រះគ្រិស្ដ​ ដែល​ជា​ព្រះ​រាជ​បុត្រា​របស់​ព្រះជាម្ចាស់​ដ៏​មាន​ពរ​មែន​ឬ?»​

62 ព្រះយេស៊ូ​ឆ្លើយ​ថា៖​ «គឺ​ខ្ញុំ​ហើយ​ អ្នក​រាល់គ្នា​នឹង​ឃើញ​កូន​មនុស្ស​អង្គុយ​នៅ​ខាង​ស្ដាំ​ព្រះជាម្ចាស់​ដ៏​មាន​អំណាច​ ហើយ​មក​ជាមួយ​ពពក​លើ​មេឃ»​

63 សម្ដេច​សង្ឃ​ក៏​ហែក​អាវ​របស់​ខ្លួន​ រួច​និយាយ​ថា​ «តើ​យើង​នៅ​ត្រូវ​ការ​សាក្សី​ធ្វើ​អ្វី​ទៀត?​

64 អ្នក​រាល់គ្នា​បាន​ស្ដាប់​ឮ​ពាក្យ​ប្រមាថ​ដល់​ព្រះជាម្ចាស់​ហើយ​ តើ​អ្នក​រាល់គ្នា​គិត​យ៉ាង​ដូច​ម្ដេច​ដែរ?»​ ពេល​នោះ​ ពួកគេ​ទាំង​អស់​គ្នា​បាន​កាត់​ទោស​ព្រះអង្គ​ថា​សម​តែ​ស្លាប់​

65 អ្នក​ខ្លះ​ចាប់​ផ្ដើម​ស្ដោះ​ទឹក​មាត់​ដាក់​ព្រះអង្គ​ បិទ​មុខ​ព្រះអង្គ​ ហើយ​ដាល់​ព្រះអង្គ​ រួច​និយាយ​ថា៖​ «ទាយ​ទៅ​មើល៍!»​ ពួក​កង​រក្សា​ព្រះវិហារ​ក៏​យក​ព្រះអង្គ​មក​ទះ​កំផ្លៀង​

66 ពេល​នោះ​លោក​ពេត្រុស​កំពុង​តែ​នៅ​ទីលាន​ខាង​ក្រោម​ ហើយ​មាន​ស្ដ្រី​ម្នាក់​ ជា​បាវ​បម្រើ​របស់​សម្ដេច​សង្ឃ​មក​ដល់។​