17 ហើយលោកយ៉ាកុប និងលោកយ៉ូហានជាប្អូន ត្រូវជាកូនលោកសេបេដេ ព្រះអង្គបានដាក់ឈ្មោះថា «បោនអ៊ើកេ» មានន័យថា «កូនផ្គរលាន់»
18 និងលោកអនទ្រេ លោកភីលីព លោកបារថូឡូមេ លោកម៉ាថាយ លោកថូម៉ាស លោកយ៉ាកុបជាកូនអាល់ផាយ លោកថាដេ លោកស៊ីម៉ូនជាអ្នកជាតិនិយម
19 ព្រមទាំងយូដាសអ៊ីស្ការីយ៉ុតជាអ្នកក្បត់ព្រះអង្គផងដែរ។
20 ព្រះអង្គយាងចូលទៅក្នុងផ្ទះមួយ ហើយបណ្ដាជនក៏មកជួបជុំគ្នាម្ដងទៀត ដូច្នេះហើយបានជាព្រះអង្គ និងពួកសិស្សមិនអាចបរិភោគបាន
21 ហើយនៅពេលដែលបងប្អូនព្រះអង្គបានឮអំពីការនេះ ពួកគេបានមកចាប់ព្រះអង្គ ពីព្រោះគេនិយាយថា៖ «គាត់វង្វេងស្មារតីហើយ»។
22 រីឯគ្រូវិន័យដែលចុះមកពីក្រុងយេរូសាឡិមបាននិយាយថា «អ្នកនេះមានអារក្សបេលសេប៊ូលចូល ហើយអ្នកនេះបណ្ដេញអារក្សដោយសារមេអារក្ស»
23 ព្រះអង្គបានហៅគេមក ហើយមានបន្ទូលទៅគេជារឿងប្រៀបប្រដូចថា៖ «តើអារក្សសាតាំងអាចបណ្ដេញអារក្សសាតាំងដូចម្ដេចកើត