ម៉ាកុស 4:30-36 KCB

30 ព្រះអង្គ​មាន​បន្ទូល​ថា៖​ «តើ​យើង​ប្រៀ​ប​ធៀប​នគរ​ព្រះជាម្ចាស់​ទៅ​នឹង​អ្វី​ ឬ​តើ​យើង​នឹង​ប្រើ​រឿង​អ្វី​ ដើម្បី​ពន្យល់​ពី​នគរ​ព្រះជាម្ចាស់?​

31 នគរ​ព្រះជាម្ចាស់​ប្រៀប​ដូចជា​គ្រាប់​មូតា​ ជា​គ្រាប់​តូច​ល្អិត​ជាង​គ្រាប់​ពូជ​ណាៗ​ទាំង​អស់​នៅ​លើ​ផែន​ដី​

32 ប៉ុន្ដែ​នៅ​ពេល​ដែល​គេ​ព្រោះ​គ្រាប់​ពូជ​នោះ​ទៅ​ វា​ក៏​ដុះ​ឡើង​ធំ​ជាង​រុក្ខជាតិ​ទាំង​អស់​ និង​មាន​មែក​ធំៗ​ ហើយ​សត្វ​ស្លាប​ហើរ​លើ​អាកាស​អាច​ធ្វើ​សំបុក​ក្រោម​ម្លប់​របស់​វា​បាន»។​

33 ព្រះអង្គ​បាន​ប្រកាស​ព្រះបន្ទូល​ដល់​ពួកគេ​ជា​រឿង​ប្រៀប​ប្រដូច​ស្រដៀង​គ្នា​ជាច្រើន​ដែល​ពួកគេ​អាច​ស្ដាប់​បាន។​

34 ព្រះអង្គ​មិន​បាន​មាន​បន្ទូល​ទៅ​ពួកគេ​ ក្រៅ​ពី​រឿង​ប្រៀប​ប្រដូច​ឡើយ​ តែ​ពេល​នៅ​តែ​ឯង​ជាមួយ​នឹង​ពួក​សិស្ស​ ព្រះអង្គ​បាន​ពន្យល់​ប្រាប់​សព្វគ្រប់។​

35 នៅ​ល្ងាច​ថ្ងៃ​នោះ​ ព្រះអង្គ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «ចូរ​យើង​ឆ្លង​ទៅ​ឯ​ត្រើយ​ម្ខាង»។​

36 ពួកគេ​ក៏​ចាក​ចេញ​ពី​បណ្ដាជន​ ឯ​ព្រះយេស៊ូ​នៅ​តែ​គង់​នៅ​លើ​ទូក​នោះ​ និង​មាន​ទូក​ផ្សេង​ទៀត​បាន​ទៅ​ជាមួយ​ព្រះអង្គ​ដែរ។​