ម៉ាកុស 5:15-21 KCB

15 ពួកគេ​មក​ឯ​ព្រះយេស៊ូ​ ហើយ​ឃើញ​អ្នក​ដែល​មាន​វិញ្ញាណ​អាក្រក់​ឈ្មោះ​កង​ទ័ព​ចូល​ពី​មុន​នោះ​ បាន​ស្លៀក​ពាក់​ និង​អង្គុយ​ទាំង​មាន​ស្មារតី​ឡើង​វិញ​ នោះ​ពួកគេ​ក៏​មាន​សេចក្ដី​កោត​ខ្លាច​

16 ហើយ​អ្នក​ដែល​បាន​ឃើញ​ហេតុ​ការណ៍​នោះ​ បាន​រៀប​រាប់​ប្រាប់​ពួក​គេ​ពី​អ្វី​ដែល​បាន​កើត​ឡើង​ចំពោះ​មនុស្ស​ ដែល​មាន​វិញ្ញាណ​អាក្រក់​ចូល​ពី​មុន​ និង​ហ្វូង​ជ្រូក​ទាំង​នោះ​

17 ពួកគេ​ក៏​ចាប់​ផ្ដើម​អង្វរ​ព្រះអង្គ​ឲ្យ​ចាក​ចេញ​ពី​ស្រុក​របស់​ពួកគេ។​

18 នៅ​ពេល​ព្រះអង្គ​យាង​ចុះ​ក្នុង​ទូក​ មនុស្ស​ដែល​មាន​វិញ្ញាណ​អាក្រក់​ចូល​ពី​មុន​នោះ​បាន​អង្វរ​ព្រះអង្គ​សុំ​នៅ​ជាមួយ​

19 ព្រះអង្គ​មិន​បាន​អនុញ្ញាត​ឲ្យ​គាត់​ទេ​ ប៉ុន្ដែ​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «ចូរ​ទៅ​ផ្ទះ​របស់​អ្នក​ និង​សាច់​ញាតិ​របស់​អ្នក​ ហើយ​រៀប​រាប់​ប្រាប់​ពួកគេពី​ការ​ទាំង​អស់​ដែល​ព្រះអម្ចាស់​បាន​ធ្វើ​សម្រាប់​អ្នក​ និង​បាន​មេត្ដា​ដល់​អ្នក»។​

20 គាត់​ក៏​ចាក​ចេញ​ទៅ​ និង​ចាប់​ផ្ដើម​ប្រកាស​នៅ​ស្រុក​ដេកាប៉ូល​ពី​ការ​ទាំង​អស់​ដែល​ព្រះយេស៊ូ​បាន​ធ្វើ​សម្រាប់​គាត់​ ហើយ​មនុស្ស​គ្រប់​គ្នា​ក៏​នឹក​អស្ចារ្យ​ក្នុង​ចិត្ដ។​

21 ព្រះយេស៊ូ​បាន​ចុះ​ទូក​ឆ្លង​ទៅ​ត្រើយ​ម្ខាង​ទៀត​ មាន​មនុស្ស​ច្រើន​កុះករ​ប្រមូល​ផ្ដុំ​គ្នា​មក​រក​ព្រះអង្គ​ ដែល​កំពុង​គង់​នៅ​មាត់​បឹង​