ម៉ាកុស 6:1-7 KCB

1 ព្រះអង្គ​ក៏​ចេញ​ពី​ទី​នោះ​ យាង​ចូល​ទៅ​ក្នុង​ស្រុក​របស់​ព្រះអង្គ​ ហើយ​ពួក​សិស្ស​ក៏​មក​តាម​ព្រះអង្គ​ដែរ​

2 លុះ​ដល់​ថ្ងៃ​សប្ប័ទ​ ព្រះអង្គ​ចាប់​ផ្ដើម​បង្រៀន​នៅ​ក្នុង​សាលា​ប្រជុំ​ ហើយ​មនុស្ស​ជាច្រើន​ដែល​កំពុង​ស្ដាប់​បាន​នឹក​អស្ចារ្យ​ក្នុង​ចិត្ដ​ ទាំង​និយាយ​ថា៖​ «តើ​អ្នក​នេះ​ចេះ​សេចក្ដី​ទាំង​នេះ​ពីណា​មក?​ ម្ដេច​ក៏​អ្នក​នេះ​មាន​ប្រាជ្ញា​ម៉្លេះ​ ហើយ​ការ​អស្ចារ្យ​បែប​នេះ​កើត​ពី​ដៃ​គាត់​ទៀត!​

3 តើ​អ្នក​នេះ​មិន​មែន​ជា​ជាង​ឈើ​ ដែល​ជា​កូន​នាង​ម៉ារា​ជា​បង​យ៉ាកុប​ យ៉ូសែប​ យូដាស​ និង​ស៊ីម៉ូន​ទេ​ឬ?​ តើ​ប្អូន​ស្រី​របស់​គាត់​មិន​នៅ​ទី​នេះ​ជាមួយ​យើង​ទេ​ឬ?»​ ពួកគេ​ក៏​ទាស់​ចិត្ដ​នឹង​ព្រះអង្គ​

4 ដូច្នេះ​ ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «អ្នក​នាំ​ព្រះបន្ទូល​បាន​ទទួល​ការ​គោរព​នៅ​គ្រប់​ទី​កនែ្លង​ លើក​លែង​តែ​នៅ​ស្រុក​កំណើត​ និង​ក្នុង​គ្រួសារ​សាច់​ញាតិ​គាត់​ប៉ុណ្ណោះ»​

5 ព្រះអង្គ​មិន​អាច​ធ្វើការ​អស្ចារ្យ​អ្វី​នៅ​ទី​នោះ​បាន​ទេ​ ក្រៅ​ពី​ដាក់​ដៃ​លើ​អ្នក​ជំងឺ​ពីរ​បី​នាក់​ឲ្យ​បាន​ជា​ប៉ុណ្ណោះ​

6 ព្រះអង្គ​ឆ្ងល់​ពី​ភាព​គ្មាន​ជំនឿ​របស់​ពួកគេ​ ហើយ​ក៏​យាង​ទៅ​បង្រៀន​ក្នុង​ភូមិ​ទាំង​ឡាយ​ដែល​នៅ​ជុំវិញ​នោះ។​

7 ព្រះអង្គ​ហៅ​សិស្ស​ទាំង​ដប់​ពីរ​នាក់​មក​ ហើយ​ប្រទាន​ឲ្យ​គេ​មាន​សិទ្ធិ​អំណាច​លើ​ពួក​វិញ្ញាណ​អាក្រក់​ រួច​ក៏​ចាប់​ផ្ដើម​ចាត់​គេ​ឲ្យ​ចេញ​ទៅ​ពីរៗ​នាក់​