ម៉ាកុស 8:22-28 KCB

22 កាល​ពួកគេ​មក​ដល់​ក្រុង​បេតសៃដា​ បណ្ដា​ជន​ក៏​នាំ​បុរស​ខ្វាក់​ម្នាក់​មក​រក​ព្រះអង្គ​ រួច​សុំ​ព្រះអង្គ​ឲ្យ​ព្រះអង្គ​ពាល់​គាត់​

23 ព្រះអង្គ​បាន​ដឹក​ដៃ​មនុស្ស​ខ្វាក់​នោះ​នាំ​ចេញ​ពី​ក្រុង​ ហើយ​ព្រះអង្គ​ក៏​ស្ដោះ​ទឹក​មាត់​ដាក់​ភ្នែក​របស់​គាត់​ និង​ដាក់​ដៃ​លើ​គាត់​ រួច​សួរ​ថា៖​ «តើ​អ្នក​មើល​ឃើញ​អ្វី​ទេ?»​

24 គាត់​ក៏​សម្លឹង​មើល​ រួច​ទូល​ថា៖​ «ខ្ញុំ​មើល​ឃើញ​មនុស្ស​ តែ​ខ្ញុំ​ឃើញ​ពួកគេ​ដូច​ជា​ដើម​ឈើ​កំពុង​ដើរ»​

25 បន្ទាប់​មក​ ព្រះអង្គ​ដាក់​ដៃ​លើ​ភ្នែក​គាត់​ម្ដង​ទៀត​ គាត់​ខំ​សម្លឹង​មើល​ ភ្នែក​គាត់​ក៏​បាន​ជា​ឡើង​វិញ​ ហើយ​គាត់​មើល​ឃើញ​អ្វីៗ​យ៉ាង​ច្បាស់​

26 ព្រះអង្គ​ឲ្យ​គាត់​ទៅ​ផ្ទះ​វិញ​ ដោយ​មាន​បន្ទូល​ថា៖​ «ចូរ​អ្នក​កុំ​ចូល​ទៅ​ក្នុង​ក្រុង​អី»​

27 បន្ទាប់​មក​ ព្រះយេស៊ូ​ និង​សិស្ស​ព្រះអង្គ​ បាន​ចេញ​ទៅ​ភូមិ​ទាំង​ឡាយ​ដែល​នៅ​ជិត​ក្រុង​សេសារា​ភីលីព​ ហើយ​នៅ​តាម​ផ្លូវ​ ព្រះអង្គ​មាន​បន្ទូល​សួរ​ពួក​សិស្ស​ព្រះអង្គ​ថា៖​ «តើ​មនុស្ស​ទាំង​ឡាយ​និយាយ​ថា​ខ្ញុំ​ជា​នរណា?​»

28 ពួកគេ​ទូល​ព្រះអង្គ​ថា៖​ «គេ​និយាយ​ថា​លោក​ជា​លោក​យ៉ូហាន​ អ្នក​ធ្វើ​ពិធី​ជ្រមុជ​ទឹក​ អ្នក​ខ្លះ​ថា​លោក​ជា​លោក​អេលីយ៉ា​ ហើយ​អ្នក​ខ្លះ​ទៀត​ថា​លោក​ជា​ម្នាក់​នៅ​ក្នុង​ចំណោម​អ្នក​នាំ​ព្រះបន្ទូល»​