ម៉ាកុស 9:37-43 KCB

37 «អ្នក​ណា​ដែល​ទទួល​ក្មេង​តូច​ម្នាក់​ដូច​ក្មេង​នេះ​ក្នុង​ឈ្មោះ​ខ្ញុំ​ នោះ​គឺ​ទទួល​ខ្ញុំ​ ហើយ​អ្នក​ណា​ទទួល​ខ្ញុំ​ នោះ​មិន​មែន​ទទួលតែ​ខ្ញុំ​ទេ​ គឺ​ទទួល​ព្រះអង្គ​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ដែរ»។​

38 លោក​យ៉ូហាន​ទូល​ឆ្លើយ​ទៅ​ព្រះ​អង្គ​ថា៖​ «លោក​គ្រូ​ យើង​បាន​ឃើញ​មនុស្ស​ម្នាក់​កំពុង​បណ្ដេញ​អារក្ស​ក្នុង​នាម​របស់​លោក​ ហើយ​យើង​បាន​ឃាត់​គាត់​ ព្រោះ​គាត់​មិន​មក​តាម​យើង»​

39 តែ​ព្រះយេស៊ូ​មាន​បន្ទូល​ថា៖​ «កុំ​ឃាត់​គាត់​អី​ ដ្បិត​គ្មាន​អ្នក​ណា​ម្នាក់​អាច​ធ្វើ​កិច្ចការ​ដ៏​មាន​អំណាច​ក្នុង​នាម​ខ្ញុំ​ ហើយ​និយាយ​អាក្រក់​ពីខ្ញុំ​ភ្លាមៗ​បាន​ឡើយ​

40 ដ្បិត​អ្នក​ណា​មិន​ប្រឆាំង​យើង​ អ្នក​នោះ​នៅ​ខាង​យើង​ហើយ​

41 បើ​អ្នក​ណា​យក​ទឹក​មួយ​កែវ​ឲ្យ​អ្នក​ផឹក​ក្នុង​នាម​ខ្ញុំ​ និង​ព្រោះ​តែ​អ្នក​ជា​របស់​ព្រះគ្រិស្ដ​ ខ្ញុំ​ប្រាប់​អ្នក​ជា​ប្រាកដ​ថា​ អ្នក​នោះ​នឹង​មិន​បាត់​រង្វាន់​ឡើយ​

42 ប៉ុន្ដែ​បើ​អ្នក​ណា​ធ្វើ​ឲ្យ​អ្នក​តូច​តាច​ម្នាក់​ក្នុង​ចំណោម​អ្នក​ជឿ​ខ្ញុំ​ទាំង​នេះ​ជំពប់​ដួល​ ស៊ូ​ឲ្យ​អ្នក​នោះ​ចង​ក​នឹង​ត្បាល់​ថ្ម​ដែល​កិន​ដោយ​សត្វ​លា​ ហើយ​ឲ្យ​គេ​ទម្លាក់​ក្នុង​សមុទ្រ​ នោះ​ប្រសើរ​ជាង​

43 ហើយ​បើ​ដៃ​អ្នក​បណ្ដាល​ឲ្យ​អ្នក​ប្រព្រឹត្ត​បាប​ ចូរ​កាត់​វា​ចោល​ទៅ​ ស៊ូ​ឲ្យ​អ្នក​ចូល​ទៅ​ក្នុង​ជីវិត​ទាំង​ពិការ​ប្រសើរ​ជាង​មាន​ដៃ​ទាំង​ពីរ​ តែ​ត្រូវ​ធ្លាក់​ទៅ​ក្នុង​ស្ថាន​នរក​ដែល​មាន​ភ្លើង​មិន​ចេះ​រលត់​