14 ដាវីឌសួរទៀតថា ម្តេចក៏អ្នកមិនខ្លាចនឹងលូកដៃទៅសំឡាប់អ្នកដែលព្រះយេហូវ៉ាបានចាក់ប្រេងតាំងឲ្យដូច្នោះ
15 នោះដាវីឌក៏ហៅពួកកំឡោះម្នាក់មកប្រាប់ថា ចូលទៅសំឡាប់អ្នកនោះចោលចុះ គេក៏ប្រហារឲ្យស្លាប់ទៅ
16 រួចដាវីឌមានប្រសាសន៍ថា ចូរឲ្យឈាមអ្នកធ្លាក់ទៅលើក្បាលអ្នកវិញចុះ ដ្បិតមាត់អ្នកបានធ្វើបន្ទាល់ទាស់នឹងខ្លួន អ្នកហើយថា អ្នកបានសំឡាប់មនុស្សដែលព្រះយេហូវ៉ាបានចាក់ប្រេងតាំងឲ្យ។
17 នេះជាបទទំនួញ ដែលដាវីឌបានលើកនិពន្ធទុកពីដំណើរសូល និងយ៉ូណាថាន ជាបុត្រាទ្រង់
18 លោកក៏បង្គាប់ឲ្យគេបង្រៀនបទចំរៀងពីធ្នូនេះ ដល់ពួកកូនចៅយូដា ឯបទនេះសឹងមានកត់ទុក នៅក្នុងសៀវភៅរបស់យ៉ាស៊ើរ ថា
19 ឱសាសន៍អ៊ីស្រាអែលអើយ អ្នកដ៏ជាសិរីល្អនៃឯង បានត្រូវគេសំឡាប់នៅលើទីខ្ពស់របស់ឯង ឱះឱពួកខ្លាំងពូកែបានដួលស្លាប់ហើយ
20 កុំឲ្យថ្លែងប្រាប់នៅក្រុងកាថ ក៏កុំឲ្យប្រកាសប្រាប់ តាមផ្លូវនៅក្នុងក្រុងអាសកាឡូនឡើយ ក្រែងពួកកូនស្រីនៃសាសន៍ភីលីស្ទីនគេរីករាយសប្បាយ ហើយក្រែងកូនស្រីនៃពួកមិនកាត់ស្បែកនោះ បានអរសាទរ