4 ដាវីឌសួរថា ចុះយ៉ាងដូចម្តេចទៅ សូមប្រាប់ខ្ញុំផង គាត់ជំរាបថា ពួកបណ្តាទ័ពបានរត់ពីចំបាំងចេញ ហើយមានមនុស្សជាច្រើនបានដួលស្លាប់ដែរ ឯសូល និងយ៉ូណាថាន ជាបុត្រាទ្រង់ ក៏បានសុគតហើយ
5 រួចដាវីឌសួរអ្នកកំឡោះ ដែលនាំដំណឹងមកជំរាបនោះថា ដូចម្តេចបានជាអ្នកដឹងថា សូល និងយ៉ូណាថានជាបុត្រាទ្រង់ បានសុគតហើយដូច្នោះ
6 មនុស្សកំឡោះនោះជំរាបថា គាប់ជួនជាខ្ញុំកំពុងនៅលើភ្នំគីលបោ នោះឃើញសូលទ្រង់ច្រត់លើលំពែងរបស់ទ្រង់ ឯពលរទេះ និងពលសេះរបស់គេក៏តាមទ្រង់ជាប្រកិត
7 កាលទ្រង់បែរទតមកក្រោយឃើញខ្ញុំ នោះទ្រង់ក៏ហៅខ្ញុំ ហើយខ្ញុំទូលថា ព្រះករុណាវិសេសព្រះអម្ចាស់
8 រួចទ្រង់មានព្រះបន្ទូលសួរថា ឯងជាអ្នកណា ខ្ញុំក៏ទូលឆ្លើយថា ទូលបង្គំជាសាសន៍អាម៉ាលេក
9 នោះទ្រង់បង្គាប់មកខ្ញុំថា ចូរមកជិតនេះ ហើយសំឡាប់យើងទៅ ដ្បិតដែលយើងរស់នៅ នោះមានសេចក្តីទុក្ខគ្របសង្កត់ខ្លាំងណាស់
10 ដូច្នេះ ខ្ញុំក៏ចូលទៅជិត ធ្វើគុតទ្រង់ទៅ ដោយខ្ញុំដឹងពិតថា ដែលទ្រង់ដួលដូច្នេះហើយ នោះនឹងគង់ព្រះជន្មនៅមិនបានឡើយ ឯមកុដដែលនៅលើព្រះសិរ និងកងកន់ដែលនៅព្រះហស្តទ្រង់ នោះខ្ញុំបាននាំយកមកជូនលោកជាម្ចាស់ខ្ញុំ។