1 ដល់១ខួបក្រោយមក ក្នុងរដូវដែលល្មមឲ្យស្តេចទាំងប៉ុន្មានចេញទៅច្បាំងបាន នោះដាវីឌទ្រង់ចាត់យ៉ូអាប់ ព្រមទាំងពលទ័ពរបស់លោក និងពួកអ៊ីស្រាអែលទាំងអស់គ្នាឲ្យទៅ គេក៏បំផ្លាញពួកកូនចៅអាំម៉ូន ហើយឡោមព័ទ្ធច្បាំងនឹងក្រុងរ៉ាបាត តែឯដាវីឌទ្រង់គង់នៅក្នុងក្រុងយេរូសាឡិមវិញ។
2 មានកាល១ថ្ងៃ ពេលជិតងងឹតហើយ នោះដាវីឌក្រោកពីព្រះទែនយាងទៅមក នៅលើដំបូលដំណាក់ ក៏ទតព្រះនេត្រទៅឃើញស្ត្រីម្នាក់កំពុងតែងូតទឹក នាងនោះមានរូបឆោមស្រស់ល្អណាស់
3 ដាវីឌក៏ចាត់គេឲ្យទៅស៊ើបសួរពីនាង ហើយម្នាក់នោះទូលថា នាងឈ្មោះបាតសេបាជាកូនអេលាម ប្រពន្ធអ៊ូរី សាសន៍ហេត
4 នោះដាវីឌចាត់គេឲ្យទៅនាំនាងយកមក រួចនាងក៏ចូលមកឯទ្រង់ ហើយទ្រង់ផ្ទំជាមួយនឹងនាងទៅ ដ្បិតនាងទើបនឹងបានស្អាតពីរដូវនាងហើយ រួចនាងត្រឡប់ទៅឯផ្ទះវិញ
5 នាងក៏មានគភ៌ ហើយចាត់គេឲ្យទៅទូលដាវីឌ ខ្ញុំម្ចាស់មានគភ៌ហើយ។
6 នោះដាវីឌចាត់គេឲ្យទៅឯយ៉ូអាប់ប្រាប់ថា ចូរចាត់អ៊ូរីជាសាសន៍ហេត ឲ្យមកឯយើង ដូច្នេះ យ៉ូអាប់ក៏ឲ្យអ៊ូរីទៅឯដាវីឌ
7 កាលគាត់បានទៅដល់ហើយ នោះដាវីឌសាកសួរដំណឹងពីយ៉ូអាប់ ហើយពីបណ្តាទ័ព និងពីការសង្គ្រាមបានជាយ៉ាងណា