24 នោះពួកពលធ្នូ គេបាញ់ពីកំផែងមកលើពួកបាវបំរើនៃទ្រង់ ហើយមានពួកអ្នកបំរើខ្លះរបស់ព្រះករុណាបានស្លាប់ ឯអ៊ូរី សាសន៍ហេត ជាអ្នកបំរើទ្រង់ ក៏ស្លាប់ដែរ
25 នោះដាវីឌ មានព្រះបន្ទូលទៅអ្នកដែលនាំដំណឹងមកថា ចូរឯងទៅប្រាប់យ៉ូអាប់វិញ ដូច្នេះថា កុំឲ្យតូចចិត្តពីការនោះឡើយ ពីព្រោះដាវតែងសំឡាប់អ្នក១ដូចជាអ្នក១ ចូរខំប្រឹងច្បាំងនឹងក្រុងនោះ ឲ្យកាន់តែខ្លាំងឡើង ហើយចាប់យកឲ្យបានចុះ ចូរឯងនិយាយកំឡាចិត្តលោកឡើង។
26 កាលប្រពន្ធអ៊ូរីបានឮថាប្ដីស្លាប់ហើយ នោះនាងក៏យំសោកនឹងប្ដី
27 លុះវេលាកាន់ទុក្ខបានគ្រប់កំណត់ហើយ នោះដាវីឌទ្រង់ចាត់គេ ឲ្យទៅទទួលនាងមកនៅក្នុងដំណាក់ នាងក៏ធ្វើជាភរិយាទ្រង់ ហើយបង្កើតបានបុត្រា១ថ្វាយទ្រង់ តែអំពើដែលដាវីឌបានប្រព្រឹត្តនោះ ជាទីទាស់ដល់ព្រះហឫទ័យនៃព្រះយេហូវ៉ាណាស់។