២ សាំយូអែល 12:1-6 KHOV

1 ព្រះ‌យេហូវ៉ា​ទ្រង់​ចាត់​ណាថាន់ ឲ្យ​ទៅ​ឯ​ដាវីឌ​លោក​ក៏​ទៅ​គាល់​ទ្រង់ ទូល​ដូច្នេះ​ថា នៅ​ទី​ក្រុង​១​មាន​មនុស្ស​២​នាក់ ម្នាក់​ជា​អ្នក​មាន ម្នាក់​ក្រីក្រ

2 អ្នក​ដែល​មាន​នោះ មាន​ចៀម ហើយ​នឹង​គោ​យ៉ាង​សន្ធឹក

3 តែ​អ្នក​ដែល​ក្រ​គ្មាន​អ្វី​សោះ មាន​តែ​កូន​ចៀម​១ ដែល​បាន​ទិញ​មក​ចិញ្ចឹម​ប៉ុណ្ណោះ កូន​ចៀម​នោះ​ក៏​ចំរើន​ធំ​ឡើង​នៅ​ជា​មួយ​នឹង​គាត់ ហើយ​នឹង​កូន​គាត់ វា​តែង​ស៊ី​អាហារ ហើយ​ផឹក​ពី​ពែង​របស់​គាត់ ក៏​ដេក​នៅ​នា​ដើម​ទ្រូង​គាត់​ដែរ គាត់​ទុក​វា​ដូច​ជា​កូន​ស្រី​របស់​ខ្លួន

4 គ្រា​នោះ មាន​អ្នក​ដំណើរ​ម្នាក់​មក​ឯ​មនុស្ស​អ្នក​មាន​នោះ តែ​អ្នក​មាន​មិន​ព្រម​យក​សត្វ​ណា​មួយ​ពី​ហ្វូង​ចៀម​ហ្វូង​គោ​របស់​ខ្លួន ដើម្បី​នឹង​ចាត់‌ចែង​រៀប‌ចំ​ទទួល​អ្នក​ដំណើរ ដែល​មក​ឯ​ខ្លួន​នោះ​ទេ គឺ​បាន​ចាប់​យក​កូន​ចៀម​របស់​អ្នក​ក្រីក្រ​នោះ ទៅ​ចាត់‌ចែង​ទទួល​អ្នក​ដែល​មក​នោះ​វិញ

5 ដូច្នេះ ដាវីឌ​ទ្រង់​មាន​សេចក្តី​ខ្ញាល់​ក្តៅ​ឡើង​ចំពោះ​អ្នក​នោះ​ជា​ខ្លាំង ក៏​មាន​ព្រះ‌បន្ទូល​ទៅ​ណាថាន់​ថា យើង​ស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា​ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ​ថា មនុស្ស​ណា​ដែល​ប្រព្រឹត្ត​ដូច្នោះ​គួរ​ស្លាប់​ហើយ

6 ត្រូវ​ឲ្យ​វា​សង​១​ជា​៤​ជំនួស​ចៀម​នោះ ដោយ​ព្រោះ​បាន​ប្រព្រឹត្ត​ឥត​ប្រណី​ដូច្នោះ។