11 ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា ចាំមើល អញនឹងបណ្តាលឲ្យមានការអាក្រក់កើតឡើង ពីក្នុងគ្រួឯង ឲ្យទាស់នឹងឯង ក៏នឹងយកពួកប្រពន្ធទាំងប៉ុន្មានរបស់ឯង ប្រគល់ឲ្យដល់អ្នកជំនិតឯងនៅមុខឯងផង អ្នកនោះនឹងរួមដំណេក និងប្រពន្ធឯងទាំងនោះ នៅទីពន្លឺថ្ងៃ
12 ដ្បិតឯងបានធ្វើការនោះដោយសំងាត់ តែអញនឹងធ្វើការនេះនៅទីពន្លឺវិញ ឲ្យពួកអ៊ីស្រាអែលទាំងអស់គ្នាបានឃើញ
13 រួចដាវីឌមានព្រះបន្ទូលទៅណាថាន់ថា យើងបានធ្វើបាបនឹងព្រះយេហូវ៉ាហើយ ណាថាន់ក៏ទូលតបថា ព្រះយេហូវ៉ាក៏បានប្រោសលើកទោសទ្រង់ចោលដែរ ទ្រង់មិនត្រូវសុគតទេ
14 ប៉ុន្តែ ដោយប្រព្រឹត្តអំពើយ៉ាងនោះ ទ្រង់បានឲ្យពួកខ្មាំងសត្រូវនៃព្រះយេហូវ៉ា មានឱកាស និងត្មះតិះដៀលជាខ្លាំង បានជាបុត្រដែលត្រូវប្រសូតមកនោះ និងសុគតទៅជាពិតប្រាកដ រួចណាថាន់ក៏វិលទៅផ្ទះលោកវិញទៅ។
15 ព្រះយេហូវ៉ាទ្រង់ក៏ប្រហារបុត្រ ដែលប្រពន្ធអ៊ូរីបានបង្កើតឲ្យដាវីឌ ឲ្យមានជំងឺឈឺជាខ្លាំង
16 ដូច្នេះ ដាវីឌក៏សូមអង្វរដល់ព្រះ ពីដំណើរបុត្រ ទ្រង់ក៏តមព្រះស្ងោយ ព្រមទាំងចូលទៅផ្ទំនៅដីពេញ១យប់នោះ
17 ពួកចាស់ទុំនៅដំណាក់ទ្រង់ក៏ក្រោកឡើងទៅឯទ្រង់ ចង់លើកឲ្យតើនពីដីឡើង តែទ្រង់មិនព្រមទេ ក៏មិនព្រមសោយជាមួយនឹងគេដែរ