២ សាំយូអែល 12:17-23 KHOV

17 ពួក​ចាស់‌ទុំ​នៅ​ដំណាក់​ទ្រង់​ក៏​ក្រោក​ឡើង​ទៅ​ឯ​ទ្រង់ ចង់​លើក​ឲ្យ​តើន​ពី​ដី​ឡើង តែ​ទ្រង់​មិន​ព្រម​ទេ ក៏​មិន​ព្រម​សោយ​ជា​មួយ​នឹង​គេ​ដែរ

18 លុះ​ដល់​ថ្ងៃ​ទី​៧ បុត្រ​នោះ​ក៏​សុគត​ទៅ ហើយ​ពួក​អ្នក​បំរើ​របស់​ដាវីឌ គេ​ខ្លាច​មិន​ហ៊ាន​ទូល​ទ្រង់​ឲ្យ​ជ្រាប​ថា បុត្រ​នោះ​សុគត​ទេ ដោយ​គិត​គ្នា​ថា មើល​កាល​បុត្រ​មាន​ព្រះ‌ជន្ម​រស់​នៅ​ឡើយ នោះ​យើង​បាន​ទូល​អង្វរ​ដល់​ទ្រង់ តែ​ទ្រង់​មិន​ព្រម​ស្តាប់​តាម​យើង​ទៅ​ហើយ ចំណង់​បើ​យើង​ទូល​ទ្រង់​ឲ្យ​ជ្រាប​ពី​បុត្រ​សុគត​ទៅ នោះ​តើ​នឹង​ធ្វើ​ទុក្ខ​ដល់​អង្គ​ទ្រង់​យ៉ាង​ណា​ទៅ​ទៀត

19 ប៉ុន្តែ កាល​ដាវីឌ​ឃើញ​ថា ពួក​អ្នក​បំរើ​កំពុង​តែ​ខ្សឹប​គ្នា​ដូច្នោះ នោះ​ទ្រង់​យល់​ឃើញ​ថា ប្រាកដ​ជា​បុត្រ​បាន​សុគត​ហើយ ក៏​សួរ​ពួក​អ្នក​បំរើ​ថា បុត្រ​បាន​សុគត​ហើយ​ឬ​អី គេ​ទូល​ឆ្លើយ​ថា សុគត​ហើយ

20 នោះ​ដាវីឌ​ក៏​តើន​ពី​ដី​ឡើង ទៅ​ស្រង់​ទឹក ព្រម​ទាំង​ប្រោះ​ទឹក​អប់ ហើយ​ផ្លាស់​សំលៀក‌បំពាក់ រួច​ចូល​ទៅ​ថ្វាយ‌បង្គំ​នៅ​ក្នុង​ដំណាក់​នៃ​ព្រះ‌យេហូវ៉ា ក្រោយ​មក​កាល​ទ្រង់​បាន​ត្រឡប់​ចូល​មក ក្នុង​ដំណាក់​វិញ នោះ​ទ្រង់​បង្គាប់​ដល់​ពួក​អ្នក​បំរើ ហើយ​គេ​ក៏​លើក​ព្រះ‌ស្ងោយ​មក​ថ្វាយ​ទ្រង់​សោយ

21 ដូច្នេះ ពួក​មហា‌តលិក​ទូល​សួរ​ថា យ៉ាង​ដូច​ម្តេច​ហ្ន៍ ដែល​ទ្រង់​ប្រព្រឹត្ត​ដូច្នេះ​នេះ ដ្បិត​កាល​បុត្រ​មាន​ព្រះ‌ជន្ម​នៅ​ឡើយ នោះ​ទ្រង់​បាន​តម​ព្រះ‌ស្ងោយ ហើយ​សោយ‌សោក​នឹង​បុត្រ តែ​កាល​បុត្រ​សុគត​ហើយ នោះ​បែរ​ជា​ទ្រង់​តើន​ឡើង​សោយ​ព្រះ‌ស្ងោយ​វិញ

22 ដាវីឌ​មាន​ព្រះ‌បន្ទូល​តប​ថា កាល​បុត្រ​មាន​ព្រះ‌ជន្ម​នៅ​ឡើយ យើង​បាន​តម​ហើយ​យំ ដោយ​គិត​ថា ប្រហែល​ជា​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ប្រោស​មេត្តា​ដល់​យើង ឲ្យ​បុត្រ​មាន​ព្រះ‌ជន្ម​ត​ទៅ​ទេ​ដឹង

23 តែ​ឥឡូវ​នេះ​បុត្រ​សុគត​ទៅ​ហើយ​ដូច្នេះ តើ​យើង​នៅ​តម​អត់​ធ្វើ​អ្វី​ទៀត តើ​យើង​អាច​នឹង​នាំ​បុត្រ​ឲ្យ​ត្រឡប់​មក​វិញ​បាន​ដែរ​ឬ យើង​នឹង​ទៅ​ឯ​វា តែ​វា​មិន​ដែល​ត្រឡប់​មក​ឯ​យើង​វិញ​ឡើយ។