22 ដាវីឌមានព្រះបន្ទូលតបថា កាលបុត្រមានព្រះជន្មនៅឡើយ យើងបានតមហើយយំ ដោយគិតថា ប្រហែលជាព្រះយេហូវ៉ាទ្រង់នឹងប្រោសមេត្តាដល់យើង ឲ្យបុត្រមានព្រះជន្មតទៅទេដឹង
23 តែឥឡូវនេះបុត្រសុគតទៅហើយដូច្នេះ តើយើងនៅតមអត់ធ្វើអ្វីទៀត តើយើងអាចនឹងនាំបុត្រឲ្យត្រឡប់មកវិញបានដែរឬ យើងនឹងទៅឯវា តែវាមិនដែលត្រឡប់មកឯយើងវិញឡើយ។
24 ដាវីឌក៏ជួយកំសាន្តទុក្ខនាងបាតសេបា ជាភរិយាទ្រង់ដែរ រួចចូលទៅរួមបន្ទំជាមួយនឹងនាង ហើយនាងប្រសូតបានបុត្រា១ ទ្រង់ប្រទានព្រះនាមថា សាឡូម៉ូន ព្រះយេហូវ៉ាទ្រង់មានព្រះហឫទ័យស្រឡាញ់បុត្រនោះ
25 ក៏ចាត់ហោរាណាថាន់ឲ្យទៅតាំងនាមថា យេឌីឌីយ៉ា ដោយព្រោះជាទីស្រឡាញ់ដល់ព្រះយេហូវ៉ា។
26 ឯយ៉ូអាប់លោកកំពុងតែច្បាំងនឹងក្រុងរ៉ាបាតរបស់ពួកកូនចៅអាំម៉ូន ក៏វាយចាប់យកក្រុងហ្លួងបាន
27 រួចលោកចាត់គេឲ្យទៅទូលដាវីឌថា ទូលបង្គំបានចូលទៅវាយក្រុងរ៉ាបាត ហើយចាប់យកបានប៉ែកដែលនៅខាងមាត់ទឹកហើយ
28 ដូច្នេះ សូមទ្រង់ប្រមូលពួកពលទ័ពដែលនៅសល់ មកបោះទ័ព ចាប់យកទីក្រុងនោះចុះ ក្រែងទូលបង្គំវាយយកបាន ហើយគេតាំងឈ្មោះក្រុងនោះតាមឈ្មោះទូលបង្គំវិញ