២ សាំយូអែល 12:24-30 KHOV

24 ដាវីឌ​ក៏​ជួយ​កំសាន្ត​ទុក្ខ​នាង​បាត‌សេបា ជា​ភរិយា​ទ្រង់​ដែរ រួច​ចូល​ទៅ​រួម​បន្ទំ​ជា​មួយ​នឹង​នាង ហើយ​នាង​ប្រសូត​បាន​បុត្រា​១ ទ្រង់​ប្រទាន​ព្រះ‌នាម​ថា សាឡូ‌ម៉ូន ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌ហឫ‌ទ័យ​ស្រឡាញ់​បុត្រ​នោះ

25 ក៏​ចាត់​ហោរា​ណាថាន់​ឲ្យ​ទៅ​តាំង​នាម​ថា យេឌី‌ឌីយ៉ា ដោយ​ព្រោះ​ជា​ទី​ស្រឡាញ់​ដល់​ព្រះ‌យេហូវ៉ា។

26 ឯ​យ៉ូអាប់​លោក​កំពុង​តែ​ច្បាំង​នឹង​ក្រុង​រ៉ាបាត​របស់​ពួក​កូន​ចៅ​អាំម៉ូន ក៏​វាយ​ចាប់​យក​ក្រុង​ហ្លួង​បាន

27 រួច​លោក​ចាត់​គេ​ឲ្យ​ទៅ​ទូល​ដាវីឌ​ថា ទូល‌បង្គំ​បាន​ចូល​ទៅ​វាយ​ក្រុង​រ៉ាបាត ហើយ​ចាប់​យក​បាន​ប៉ែក​ដែល​នៅ​ខាង​មាត់​ទឹក​ហើយ

28 ដូច្នេះ សូម​ទ្រង់​ប្រមូល​ពួក​ពល‌ទ័ព​ដែល​នៅ​សល់ មក​បោះ​ទ័ព ចាប់​យក​ទី​ក្រុង​នោះ​ចុះ ក្រែង​ទូល‌បង្គំ​វាយ​យក​បាន ហើយ​គេ​តាំង​ឈ្មោះ​ក្រុង​នោះ​តាម​ឈ្មោះ​ទូល‌បង្គំ​វិញ

29 នោះ​ដាវីឌ​ក៏​ប្រមូល​ពួក​ពល​ទ័ព​ទាំង​អស់ ទៅ​វាយ​យក​ក្រុង​រ៉ាបាត​បាន

30 ទ្រង់​ក៏​យក​មកុដ​ពី​ព្រះ‌សិរ​របស់​ស្តេច​គេ មក​បំពាក់​លើ​ព្រះ‌សិរ​នៃ​ទ្រង់​វិញ ឯ​មកុដ​នោះ មាន​ទំងន់​ជា​១​ហាប​មាស ក៏​ដាំ​ដោយ​ត្បូង​មាន​ដំឡៃ​ផ្សេងៗ រួច​ទ្រង់​នាំ​យក​របឹប​យ៉ាង​សន្ធឹក​ពី​ទី​ក្រុង​នោះ​មក