4 គ្រានោះ មានអ្នកដំណើរម្នាក់មកឯមនុស្សអ្នកមាននោះ តែអ្នកមានមិនព្រមយកសត្វណាមួយពីហ្វូងចៀមហ្វូងគោរបស់ខ្លួន ដើម្បីនឹងចាត់ចែងរៀបចំទទួលអ្នកដំណើរ ដែលមកឯខ្លួននោះទេ គឺបានចាប់យកកូនចៀមរបស់អ្នកក្រីក្រនោះ ទៅចាត់ចែងទទួលអ្នកដែលមកនោះវិញ
5 ដូច្នេះ ដាវីឌទ្រង់មានសេចក្តីខ្ញាល់ក្តៅឡើងចំពោះអ្នកនោះជាខ្លាំង ក៏មានព្រះបន្ទូលទៅណាថាន់ថា យើងស្បថដោយនូវព្រះយេហូវ៉ាដ៏មានព្រះជន្មរស់នៅថា មនុស្សណាដែលប្រព្រឹត្តដូច្នោះគួរស្លាប់ហើយ
6 ត្រូវឲ្យវាសង១ជា៤ជំនួសចៀមនោះ ដោយព្រោះបានប្រព្រឹត្តឥតប្រណីដូច្នោះ។
7 នោះណាថាន់ទូលតបថា ឯមនុស្សនោះ គឺជាអង្គទ្រង់នេះហើយ ព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែលទ្រង់មានព្រះបន្ទូលដូច្នេះថា អញបានចាក់ប្រេងតាំងឯងឡើងជាស្តេចនៃសាសន៍អ៊ីស្រាអែល ក៏បានជួយឯងឲ្យរួចពីកណ្តាប់ដៃរបស់សូល
8 ហើយបានប្រគល់ដំណាក់ និងប្រពន្ធទាំងប៉ុន្មានរបស់ចៅហ្វាយឯង មកឲ្យឯងឱបនៅនាទ្រូង ព្រមទាំងឲ្យពូជពង្សអ៊ីស្រាអែល និងយូដា មកក្នុងអំណាចឯងដែរ បើនៅមិនល្មមគ្រាន់ នោះអញនឹងបន្ថែមយ៉ាងនេះមួយៗឲ្យថែមទៀត
9 ហេតុអ្វីបានជាឯងមើលងាយ ឆ្ពោះព្រះបន្ទូលនៃព្រះយេហូវ៉ា ដោយប្រព្រឹត្តការអាក្រក់ នៅព្រះនេត្រទ្រង់ដូច្នេះ ឯងបានសំឡាប់អ៊ូរី ជាសាសន៍ហេតដោយដាវ ក៏ក្បត់យកប្រពន្ធគាត់មកធ្វើជាប្រពន្ធឯង ហើយសំឡាប់គាត់ដោយដាវរបស់ពួកកូនចៅអាំម៉ូន
10 ដូច្នេះ ដាវមិនដែលឃ្លាតពីគ្រួឯងឡើយ ដ្បិតឯងបានមើលងាយដល់អញ ហើយបានយកប្រពន្ធរបស់អ៊ូរីជាសាសន៍ហេត មកធ្វើជាប្រពន្ធរបស់ឯង