២ សាំយូអែល 12:6-12 KHOV

6 ត្រូវ​ឲ្យ​វា​សង​១​ជា​៤​ជំនួស​ចៀម​នោះ ដោយ​ព្រោះ​បាន​ប្រព្រឹត្ត​ឥត​ប្រណី​ដូច្នោះ។

7 នោះ​ណាថាន់​ទូល​តប​ថា ឯ​មនុស្ស​នោះ គឺ​ជា​អង្គ​ទ្រង់​នេះ​ហើយ ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា អញ​បាន​ចាក់​ប្រេង​តាំង​ឯង​ឡើង​ជា​ស្តេច​នៃ​សាសន៍​អ៊ីស្រា‌អែល ក៏​បាន​ជួយ​ឯង​ឲ្យ​រួច​ពី​កណ្តាប់​ដៃ​របស់​សូល

8 ហើយ​បាន​ប្រគល់​ដំណាក់ និង​ប្រពន្ធ​ទាំង​ប៉ុន្មាន​របស់​ចៅ‌ហ្វាយ​ឯង មក​ឲ្យ​ឯង​ឱប​នៅ​នា​ទ្រូង ព្រម​ទាំង​ឲ្យ​ពូជ‌ពង្ស​អ៊ីស្រា‌អែល និង​យូដា មក​ក្នុង​អំណាច​ឯង​ដែរ បើ​នៅ​មិន​ល្មម​គ្រាន់ នោះ​អញ​នឹង​បន្ថែម​យ៉ាង​នេះ​មួយៗ​ឲ្យ​ថែម​ទៀត

9 ហេតុ​អ្វី​បាន​ជា​ឯង​មើល‌ងាយ ឆ្ពោះ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ដោយ​ប្រព្រឹត្ត​ការ​អាក្រក់ នៅ​ព្រះ‌នេត្រ​ទ្រង់​ដូច្នេះ ឯង​បាន​សំឡាប់​អ៊ូរី ជា​សាសន៍​ហេត​ដោយ​ដាវ ក៏​ក្បត់​យក​ប្រពន្ធ​គាត់​មក​ធ្វើ​ជា​ប្រពន្ធ​ឯង ហើយ​សំឡាប់​គាត់​ដោយ​ដាវ​របស់​ពួក​កូន​ចៅ​អាំម៉ូន

10 ដូច្នេះ ដាវ​មិន​ដែល​ឃ្លាត​ពី​គ្រួ​ឯង​ឡើយ ដ្បិត​ឯង​បាន​មើល‌ងាយ​ដល់​អញ ហើយ​បាន​យក​ប្រពន្ធ​របស់​អ៊ូរី​ជា​សាសន៍​ហេត មក​ធ្វើ​ជា​ប្រពន្ធ​របស់​ឯង

11 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ចាំ​មើល អញ​នឹង​បណ្តាល​ឲ្យ​មាន​ការ​អាក្រក់​កើត​ឡើង ពី​ក្នុង​គ្រួ​ឯង ឲ្យ​ទាស់​នឹង​ឯង ក៏​នឹង​យក​ពួក​ប្រពន្ធ​ទាំង​ប៉ុន្មាន​របស់​ឯង ប្រគល់​ឲ្យ​ដល់​អ្នក​ជំនិត​ឯង​នៅ​មុខ​ឯង​ផង អ្នក​នោះ​នឹង​រួម​ដំណេក និង​ប្រពន្ធ​ឯង​ទាំង​នោះ នៅ​ទី​ពន្លឺ​ថ្ងៃ

12 ដ្បិត​ឯង​បាន​ធ្វើ​ការ​នោះ​ដោយ​សំងាត់ តែ​អញ​នឹង​ធ្វើ​ការ​នេះ​នៅ​ទី​ពន្លឺ​វិញ ឲ្យ​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា​បាន​ឃើញ