19 រួចនាងយកផេះមកដាក់លើព្រះសិរ ក៏ហែកព្រះភូសា ហើយយកព្រះហស្តដាក់លើព្រះសិរ យាងទៅទាំងទ្រង់ព្រះកន្សែងជាខ្លាំង។
20 អាប់សាឡំមជាជេដ្ឋាក៏សួរថា តើអាំណូនបងឯងបាននៅជាមួយនឹងឯងឬអី ប្អូនអើយ ចូរនៅស្ងៀមសិនចុះ ដ្បិតជាបងឯងទេ កុំឲ្យមានចិត្តព្រួយនឹងការនេះពេកឡើយ នោះនាងក៏នៅតែឯងក្នុងដំណាក់អាប់សាឡំម ជាជេដ្ឋា
21 កាលស្តេចដាវីឌបានឮនិយាយពីរឿងទាំងនោះ ទ្រង់មានសេចក្តីពិរោធជាខ្លាំង
22 តែអាប់សាឡំមមិនបានមានព្រះបន្ទូលអ្វីនឹងអាំណូន ទោះល្អឬអាក្រក់ក្តី ដ្បិតទ្រង់ស្អប់អាំណូន ដោយព្រោះបានបង្ខូចនាងតាម៉ារ ជាកនិដ្ឋាទ្រង់។
23 ក្រោយ២ឆ្នាំមក មានពួកជាងមកកាត់រោមចៀមរបស់អាប់សាឡំម នៅត្រង់បាល-ហាសោរ ដែលនៅជិតដែនអេប្រាអិម ហើយអាប់សាឡំមក៏អញ្ជើញពួកបុត្រាស្តេចទាំងអស់មក
24 ទ្រង់ចូលទៅគាល់ស្តេចទូលថា បពិត្រព្រះករុណា ទូលបង្គំជាអ្នកបំរើនៃទ្រង់ មានពួកជាងមកកាត់រោមចៀម ដូច្នេះ សូមព្រះករុណា ព្រមទាំងពួកអ្នកបំរើទ្រង់ឯទៀត យាងទៅទទួលជប់លៀងជាមួយនឹងទូលបង្គំ
25 តែស្តេចទ្រង់មានព្រះបន្ទូលតបទៅអាប់សាឡំមថា ទេ កូនអើយ មិនត្រូវឲ្យយើងទៅទាំងអស់គ្នាទេ ក្រែងជាបន្ទុកធ្ងន់ដល់ឯងពេក អាប់សាឡំមក៏ទូលបង្ខំទ្រង់ តែទ្រង់មិនព្រមទៅទេ គឺបែរជាប្រទានពរឲ្យវិញ