4 អ្នកនោះសួរថា ហេតុអ្វីបានជាឯង ដែលជាកូនស្តេច នៅតែស្គាំងស្គមរាល់តែថ្ងៃដូច្នេះ សូមប្រាប់ឲ្យអញដឹងផង នោះអាំណូនប្រាប់ថា អញមានចិត្តស្រឡាញ់ដល់នាងតាម៉ារ ជាប្អូនអាប់សាឡំម បងអញណាស់
5 រួចយ៉ូណាដាបប្រាប់ថា ដូច្នេះ ចូរឯងដេកនៅលើគ្រែក្លែងធ្វើជាឈឺទៅ បើកាលណាបិតាឯងមកសួរ នោះចូរទូលថា សូមបិតាអនុញ្ញាតឲ្យនាងតាម៉ារ ជាកនិដ្ឋាទូលបង្គំ មករៀបអាហារនៅមុខទូលបង្គំ ឲ្យទូលបង្គំបានឃើញ ហើយបានទទួល ពីដៃនាងមកបរិភោគបន្តិច
6 ដូច្នេះ អាំណូនក៏ដេកទៅ ហើយក្លែងធ្វើជាប្រឈួន លុះកាលស្តេចបានយាងមកសួរ នោះអាំណូនទូលថា សូមបិតាអនុញ្ញាត ឲ្យនាងតាម៉ារ ជាកនិដ្ឋាទូលបង្គំ មកធ្វើនំ២នៅមុខទូលបង្គំ ដើម្បីឲ្យទូលបង្គំបានទទួលពីដៃនាង មកបរិភោគ។
7 នោះដាវីឌក៏ចាត់គេឲ្យទៅឯដំណាក់ ប្រាប់នាងតាម៉ារថា ចូរឯងទៅឯដំណាក់អាំណូនជេដ្ឋាឯង ហើយធ្វើនំឲ្យវាចុះ
8 ដូច្នេះ នាងតាម៉ារក៏ទៅដល់ដំណាក់អាំណូនជាជេដ្ឋាខ្លួន កំពុងដែលទ្រង់ផ្ទំ នាងក៏យកម្សៅ មកច្របាច់ធ្វើនំ ហើយដុតនៅចំពោះទ្រង់
9 រួចលើកខ្ទះចាក់នំនោះនៅចំពោះទ្រង់ តែទ្រង់មិនព្រមបរិភោគទេ ហើយបង្គាប់ថា ចូរឲ្យមនុស្សទាំងអស់ចេញពីអញទៅ គេក៏ចេញទាំងអស់គ្នា
10 រួចអាំណូនប្រាប់ទៅនាងតាម៉ារថា សូមនាំយកនំមកក្នុងបន្ទប់ឯណេះ ដើម្បីអញនឹងបរិភោគពីដៃឯង នាងក៏នាំយកនំដែលធ្វើនោះ ទៅឯអាំណូន ជាជេដ្ឋា នៅក្នុងបន្ទប់