14 ឯយើងរាល់គ្នាត្រូវតែស្លាប់ជាមិនខាន ហើយយើងរាល់គ្នាក៏ដូចជាទឹកដែលកំពប់ខ្ចាយទៅលើដី និងប្រមូលមកវិញមិនបានឡើយ ឯព្រះទ្រង់មិនកាត់ជីវិតចេញទេ គឺទ្រង់បង្កើតផ្លូវណាមួយ ដើម្បីឲ្យអ្នកដែលត្រូវនិរទេស មិនត្រូវកាត់ចេញពីទ្រង់នៅជាដរាបវិញ
15 ឥឡូវនេះ ដែលខ្ញុំម្ចាស់មកក្រាបទូលពាក្យទាំងនេះ ដល់ព្រះករុណា ជាព្រះអម្ចាស់ នោះគឺពីព្រោះបណ្តាជនបានធ្វើឲ្យខ្ញុំម្ចាស់ភិតភ័យដូច្នេះ ខ្ញុំម្ចាស់ ជាអ្នកបំរើទ្រង់ បានសំរេចនឹងមកទូលដល់ព្រះករុណា ដោយស្មានថា ប្រាកដជាទ្រង់នឹងធ្វើសំរេចតាមពាក្យសំណូមរបស់ខ្ញុំម្ចាស់ ជាអ្នកបំរើទ្រង់ ជាមិនខាន
16 ដ្បិតមុខជាទ្រង់នឹងស្តាប់តាម ដើម្បីនឹងប្រោសឲ្យអ្នកបំរើទ្រង់រួចពីកណ្តាប់ដៃនៃមនុស្ស ដែលចង់បំផ្លាញទាំងខ្ញុំម្ចាស់ និងកូនខ្ញុំម្ចាស់ឲ្យបាត់ពីមរដកនៃព្រះទៅផង
17 នោះខ្ញុំម្ចាស់ ជាអ្នកបំរើទ្រង់ បាននឹកថា ព្រះបន្ទូលនៃព្រះករុណាជាព្រះអម្ចាស់នឹងបានស្រួល ពីព្រោះទ្រង់ព្រះករុណាជាព្រះអម្ចាស់ ទ្រង់ដូចជាទេវតានៃព្រះហើយ ដើម្បីនឹងពិចារណាឲ្យជ្រាបខុសត្រូវ ហើយព្រះយេហូវ៉ា ជាព្រះនៃទ្រង់ ក៏គង់ជាមួយនឹងទ្រង់ដែរ។
18 នោះស្តេចទ្រង់មានព្រះបន្ទូលនឹងស្ត្រីនោះថា កុំឲ្យលាក់អ្វីចំពោះសេចក្តីនេះដែលយើងសួរនាងឡើយ នាងទូលតបថា សូមទ្រង់ព្រះករុណា ជាព្រះអម្ចាស់ មានព្រះបន្ទូលឥឡូវនេះចុះ
19 នោះស្តេចមានព្រះបន្ទូលសួរថា ឯសេចក្តីទាំងនេះ តើមិនមែនយ៉ូអាប់ ដែលរួមគំនិតជាមួយនឹងនាងទេឬអី ស្ត្រីនោះទូលឆ្លើយថា ខ្ញុំម្ចាស់ស្បថដោយនូវព្រះជន្មនៃទ្រង់ព្រះករុណាជាព្រះអម្ចាស់ថា គ្មានអ្នកណាអាចនឹងគេចទៅខាងឆ្វេង ឬទៅខាងស្តាំ ចេញពីគ្រប់ទាំងសេចក្តីដែលទ្រង់ព្រះករុណា ជាព្រះអម្ចាស់ បានមានព្រះបន្ទូលនោះឡើយ គឺយ៉ូអាប់ ជាអ្នកបំរើនៃទ្រង់ហើយ ដែលបានបង្គាប់មកខ្ញុំម្ចាស់ ព្រមទាំងបញ្ចេះពាក្យទាំងអស់នេះដល់ខ្ញុំម្ចាស់ ជាអ្នកបំរើទ្រង់ផង
20 យ៉ូអាប់ជាអ្នកបំរើទ្រង់ បានធ្វើដូច្នេះ ដើម្បីនឹងបំផ្លាស់ភាពនៃដំណើរនេះទៅ ហើយព្រះអម្ចាស់ទ្រង់មានបញ្ញា ដូចជាទេវតានៃព្រះ អាចនឹងជ្រាបគ្រប់ទាំងអស់ ដែលនៅផែនដីបាន។