27 អាប់សាឡំមបង្កើតបានបុត្រា៣អង្គ និងបុត្រី១អង្គ នាមនាងតាម៉ារ នាងនោះជាស្ត្រីមានរូបល្អស្រស់។
28 អាប់សាឡំម ទ្រង់គង់នៅក្រុងយេរូសាឡិម ពេញ២ឆ្នាំ ឥតដែលឃើញព្រះភក្ត្រស្តេចឡើយ
29 រួចមកទ្រង់ចាត់គេឲ្យទៅហៅយ៉ូអាប់មក ដើម្បីឲ្យលោកទៅគាល់ស្តេច តែលោកមិនព្រមមកទេ ទ្រង់ក៏ចាត់គេទៅម្តងទៀត តែលោកមិនព្រមមកសោះឡើយ
30 ហេតុនោះបានជាអាប់សាឡំមបង្គាប់ដល់ពួកបាវបំរើទ្រង់ថា មើលន៏ ស្រែរបស់យ៉ូអាប់នៅជាប់នឹងស្រែយើង មានទាំងស្រូវឱកផង ចូរដុតចោលទៅ ពួកបាវបំរើរបស់ទ្រង់ក៏ទៅដុតស្រែនោះ
31 ដូច្នេះ យ៉ូអាប់ក៏ក្រោកឡើង ចូលទៅឯអាប់សាឡំម នៅក្នុងលំនៅទ្រង់ សួរថា ហេតុអ្វីបានជាបាវរបស់ទ្រង់បានដុតស្រែរបស់ទូលបង្គំដូច្នេះ
32 អាប់សាឡំមទ្រង់ឆ្លើយថា មើល យើងបានចាត់គេឲ្យទៅហៅអ្នកមក ដើម្បីឲ្យអ្នកទៅទូលសួរស្តេចថា ដែលទូលបង្គំមកពីស្រុកកេស៊ូរី នោះតើមានប្រយោជន៍អ្វី ស៊ូឲ្យទូលបង្គំបាននៅទីនោះល្អជាង ដូច្នេះ ឲ្យយើងទៅគាល់ស្តេចឥឡូវ បើយើងមានទោសខុសអ្វី នោះសូមឲ្យទ្រង់សំឡាប់យើងចុះ
33 យ៉ូអាប់ក៏ចូលទៅទូលដល់ស្តេច រួចកាលលោកបានហៅអាប់សាឡំមមក នោះទ្រង់ក៏ចូលទៅគាល់ស្តេច ឱនព្រះអង្គក្រាបព្រះភក្ត្រចុះដល់ដី នៅចំពោះទ្រង់ រួចស្តេចទ្រង់ក៏ថើបអាប់សាឡំម។