7 ឥឡូវនេះ ញាតិសន្តានទាំងអស់បានលើកគ្នា មកទាស់នឹងខ្ញុំម្ចាស់ ជាអ្នកបំរើទ្រង់ដោយថា ចូរប្រគល់អា១ដែលសំឡាប់បងខ្លួនមកឲ្យយើងសំឡាប់ចោល ឲ្យធួននឹងជីវិតរបស់បង ដែលវាបានសំឡាប់ចុះ យើងនឹងសំឡាប់ ទាំងអ្នកដែលត្រូវស៊ីមរដកនេះទៅផង ដូច្នេះ គេនឹងពន្លត់រងើកភ្លើងរបស់ខ្ញុំម្ចាស់ដែលនៅសល់នេះ ឥតទុកឲ្យប្ដីខ្ញុំម្ចាស់មានឈ្មោះមានពូជពង្សសល់នៅលើផែនដីឡើយ។
8 ស្តេចទ្រង់មានព្រះបន្ទូលទៅស្ត្រីនោះថា ចូរទៅផ្ទះចុះ យើងនឹងបង្គាប់ពីដំណើរនាង
9 នោះស្ត្រីពីក្រុងត្កូអា នាងទូលថា ឱទ្រង់ព្រះករុណា ជាព្រះអម្ចាស់នៃខ្ញុំម្ចាស់អើយ សូមឲ្យសេចក្តីទុច្ចរិតនេះនៅលើខ្ញុំម្ចាស់ និងពូជពង្សនៃឪពុករបស់ខ្ញុំម្ចាស់ចុះ ហើយសូមឲ្យព្រះករុណា និងរាជ្យទ្រង់បានឥតទោសឡើយ
10 ស្តេចទ្រង់មានព្រះបន្ទូលថា បើអ្នកណានិយាយអ្វីនឹងនាង នោះចូរនាំគេមកឯយើង យ៉ាងនោះគេនឹងមិនហ៊ានពាល់នាងទៀតទេ
11 រួចនាងទូលថា សូមទ្រង់ព្រះករុណានឹកចាំពីព្រះយេហូវ៉ា ជាព្រះនៃទ្រង់ ដើម្បីកុំឲ្យអ្នកដែលសងសឹក និងឈាម មកបំផ្លាញទៀតឡើយ ក្រែងគេសំឡាប់កូនរបស់ខ្ញុំម្ចាស់ នោះទ្រង់មានព្រះបន្ទូលថា យើងស្បថដោយនូវព្រះយេហូវ៉ាដ៏មានព្រះជន្មរស់នៅថា នឹងគ្មានសក់១សរសៃជ្រុះពីក្បាលរបស់កូននាងចុះដល់ដីឡើយ។
12 ស្ត្រីនោះក៏ទូលថា សូមទ្រង់ព្រះករុណាអនុញ្ញាតឲ្យខ្ញុំម្ចាស់ ជាអ្នកបំរើទ្រង់ បានទូល១ម៉ាត់សិន រួចទ្រង់មានព្រះបន្ទូលថា ចូរនិយាយចុះ
13 ដូច្នេះ ស្ត្រីនោះក៏ទូលសួរថា បើយ៉ាងនោះ ហេតុអ្វីបានជាទ្រង់បង្កើតការយ៉ាងនេះទាស់នឹងរាស្ត្ររបស់ព្រះវិញ ដ្បិតដែលទ្រង់មានព្រះបន្ទូលដូច្នេះ នោះទ្រង់ក៏ដូចជាអ្នកមានទោសដែរ ដោយព្រោះទ្រង់មិននាំអ្នកដែលទ្រង់បាននិរទេសទៅឲ្យមកវិញ