10 រួចចាត់មនុស្សឲ្យទៅពេញក្នុងពូជអំបូរអ៊ីស្រាអែលទាំងប៉ុន្មាន ប្រាប់ដោយសំងាត់ថា កាលណាឮសូរផ្លុំត្រែ នោះត្រូវស្រែកប្រកាសឡើងថា អាប់សាឡំម ទ្រង់បានសោយរាជ្យ នៅក្រុងហេប្រុនហើយ
11 មានមនុស្ស២០០នាក់ចេញពីក្រុងយេរូសាឡិម ទៅជាមួយនឹងអាប់សាឡំម ទ្រង់បានអញ្ជើញគេទៅ គេក៏ទៅដោយចិត្តត្រង់ ឥតដឹងការអ្វីឡើយ
12 ហើយកំពុងដែលអាប់សាឡំមថ្វាយយញ្ញបូជា នោះទ្រង់ក៏ចាត់គេ ឲ្យទៅហៅអ័ហ៊ីថូផែល ជាអ្នកស្រុកគីឡោ ដែលជាបុរោហិតរបស់ដាវីឌ ឲ្យមកពីគីឡោ ជាក្រុងរបស់ខ្លួនដែរ ការក្បត់នេះ ក៏បានកើតកាន់តែខ្លាំងឡើង ដ្បិតមានប្រជាជនចុះចូលខាងអាប់សាឡំម រឹតតែច្រើនឡើង។
13 គ្រានោះ មានម្នាក់នាំដំណឹងមកក្រាបទូលដាវីឌថា ពួកជនជាតិអ៊ីស្រាអែលទាំងអស់គ្នា មានចិត្តនិយមទៅតាមអាប់សាឡំមហើយ
14 ដូច្នេះ ដាវីឌទ្រង់មានព្រះបន្ទូលទៅពួកមហាតលិកទ្រង់ទាំងប៉ុន្មាន ដែលនៅក្រុងយេរូសាឡិម ជាមួយនឹងទ្រង់ថា ចូរយើងនាំគ្នារត់ចេញទៅ ពុំនោះ នឹងគ្មានពួកយើងណាមួយ បានរួចពីអាប់សាឡំមឡើយ ចូរប្រញាប់ប្រញាល់ចេញទៅចុះ ក្រែងលោវាមកទាន់ ធ្វើអាក្រក់ដល់យើងរាល់គ្នា ហើយប្រហារពួកក្រុងដោយមុខដាវ
15 ពួកមហាតលិករបស់ស្តេចទូលថា បពិត្រ ព្រះករុណា ទូលបង្គំរាល់គ្នាប្រុងប្រៀប នឹងធ្វើតាមតែព្រះហឫទ័យព្រះអម្ចាស់នៃទូលបង្គំហើយ
16 នោះស្តេចទ្រង់ក៏យាងចេញទៅ ព្រមទាំងពួកវង្សានុវង្សទាំងអស់ផង បានទុកនៅតែស្រីអ្នកម្នាង១០នាក់ ឲ្យរក្សាដំណាក់ប៉ុណ្ណោះ