២ សាំយូអែល 15:14-20 KHOV

14 ដូច្នេះ ដាវីឌ​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​ពួក​មហា‌តលិក​ទ្រង់​ទាំង​ប៉ុន្មាន ដែល​នៅ​ក្រុង​យេរូ‌សាឡិម ជា​មួយ​នឹង​ទ្រង់​ថា ចូរ​យើង​នាំ​គ្នា​រត់​ចេញ​ទៅ ពុំ​នោះ នឹង​គ្មាន​ពួក​យើង​ណា​មួយ បាន​រួច​ពី​អាប់‌សា‌ឡំម​ឡើយ ចូរ​ប្រញាប់‌ប្រញាល់​ចេញ​ទៅ​ចុះ ក្រែង​លោ​វា​មក​ទាន់ ធ្វើ​អាក្រក់​ដល់​យើង​រាល់​គ្នា ហើយ​ប្រហារ​ពួក​ក្រុង​ដោយ​មុខ​ដាវ

15 ពួក​មហា‌តលិក​របស់​ស្តេច​ទូល​ថា បពិត្រ ព្រះ‌ករុណា ទូល‌បង្គំ​រាល់​គ្នា​ប្រុង​ប្រៀប នឹង​ធ្វើ​តាម​តែ​ព្រះ‌ហឫ‌ទ័យ​ព្រះ‌អម្ចាស់​នៃ​ទូល‌បង្គំ​ហើយ

16 នោះ​ស្តេច​ទ្រង់​ក៏​យាង​ចេញ​ទៅ ព្រម​ទាំង​ពួក​វង្សា‌នុវង្ស​ទាំង​អស់​ផង បាន​ទុក​នៅ​តែ​ស្រី​អ្នក‌ម្នាង​១០​នាក់ ឲ្យ​រក្សា​ដំណាក់​ប៉ុណ្ណោះ

17 ស្តេច​ទ្រង់​យាង​ចេញ​ទៅ​មាន​ទាំង​ពួក​ទ្រង់​ទាំង​អស់ ដើរ​ទៅ​តាម ឯ​ទ្រង់​ក៏​ឈប់​នៅ​ត្រង់​ផ្ទះ​ដែល​នៅ​ទី​បំផុត

18 ហើយ​ពួក​មហា‌តលិក​ទ្រង់​ទាំង​ប៉ុន្មាន​គេ​ដើរ​មក​ឈរ​អម​ទ្រង់ រួច​ពួក​កេរេ‌ធីម និង​ពួក​ពេលេ‌ធីម​ទាំង​ប៉ុន្មាន ព្រម​ទាំង​ពួក​កាថ ចំនួន​៦០០​នាក់ ដែល​បាន​មក​តាម​ទ្រង់​ពី​ក្រុង​កាថ គេ​ក៏​ដើរ​កាត់​នៅ​ចំពោះ​ទ្រង់​ទៅ។

19 ស្តេច​ទ្រង់​មាន​ព្រះ‌បន្ទូល​សួរ​អ៊ីត‌តាយ ជា​ពួក​ក្រុង​កាថ​ថា ហេតុ​អ្វី​បាន​ជា​អ្នក​មក​ជា​មួយ​នឹង​ពួក​យើង​ដូច្នេះ ចូរ​ត្រឡប់​ទៅ​នៅ​ជា​មួយ​នឹង​ស្តេច​ចុះ ដ្បិត​អ្នក​ជា​សាសន៍​ដទៃ បាន​ត្រូវ​និរទេស​ចោល​ស្រុក​របស់​ខ្លួន​មក ដូច្នេះ ចូរ​វិល​ទៅ​វិញ​ចុះ

20 ដែល​អ្នក​ទើប​នឹង​មក​ពី​ម្សិល‌មិញ តើ​ថ្ងៃ​នេះ​គួរ​ឲ្យ​យើង នាំ​អ្នក​មក​ដើរ​សាត់‌ព្រាត់ ទៅ​ជា​មួយ​នឹង​យើង ដែល​យើង​ក៏​មិន​ដឹង​ជា​ទៅ​ឯ​ណា​ផង​ឬ​អី ចូរ​ត្រឡប់​ទៅ​វិញ ហើយ​នាំ​បង​ប្អូន​អ្នក​ទៅ​ផង សូម​ឲ្យ​អ្នក​បាន​ប្រកប​ដោយ​សេចក្តី​មេត្តា‌ករុណា និង​សេចក្តី​ពិត​ត្រង់​ចុះ