២ សាំយូអែល 15:17-23 KHOV

17 ស្តេច​ទ្រង់​យាង​ចេញ​ទៅ​មាន​ទាំង​ពួក​ទ្រង់​ទាំង​អស់ ដើរ​ទៅ​តាម ឯ​ទ្រង់​ក៏​ឈប់​នៅ​ត្រង់​ផ្ទះ​ដែល​នៅ​ទី​បំផុត

18 ហើយ​ពួក​មហា‌តលិក​ទ្រង់​ទាំង​ប៉ុន្មាន​គេ​ដើរ​មក​ឈរ​អម​ទ្រង់ រួច​ពួក​កេរេ‌ធីម និង​ពួក​ពេលេ‌ធីម​ទាំង​ប៉ុន្មាន ព្រម​ទាំង​ពួក​កាថ ចំនួន​៦០០​នាក់ ដែល​បាន​មក​តាម​ទ្រង់​ពី​ក្រុង​កាថ គេ​ក៏​ដើរ​កាត់​នៅ​ចំពោះ​ទ្រង់​ទៅ។

19 ស្តេច​ទ្រង់​មាន​ព្រះ‌បន្ទូល​សួរ​អ៊ីត‌តាយ ជា​ពួក​ក្រុង​កាថ​ថា ហេតុ​អ្វី​បាន​ជា​អ្នក​មក​ជា​មួយ​នឹង​ពួក​យើង​ដូច្នេះ ចូរ​ត្រឡប់​ទៅ​នៅ​ជា​មួយ​នឹង​ស្តេច​ចុះ ដ្បិត​អ្នក​ជា​សាសន៍​ដទៃ បាន​ត្រូវ​និរទេស​ចោល​ស្រុក​របស់​ខ្លួន​មក ដូច្នេះ ចូរ​វិល​ទៅ​វិញ​ចុះ

20 ដែល​អ្នក​ទើប​នឹង​មក​ពី​ម្សិល‌មិញ តើ​ថ្ងៃ​នេះ​គួរ​ឲ្យ​យើង នាំ​អ្នក​មក​ដើរ​សាត់‌ព្រាត់ ទៅ​ជា​មួយ​នឹង​យើង ដែល​យើង​ក៏​មិន​ដឹង​ជា​ទៅ​ឯ​ណា​ផង​ឬ​អី ចូរ​ត្រឡប់​ទៅ​វិញ ហើយ​នាំ​បង​ប្អូន​អ្នក​ទៅ​ផង សូម​ឲ្យ​អ្នក​បាន​ប្រកប​ដោយ​សេចក្តី​មេត្តា‌ករុណា និង​សេចក្តី​ពិត​ត្រង់​ចុះ

21 តែ​អ៊ីត‌តាយ​ទូល​តប​ថា ទូល‌បង្គំ​ស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា​ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ និង​ទ្រង់​ព្រះ‌ករុណា ជា​ព្រះ‌អម្ចាស់​នៃ​ទូល‌បង្គំ​ដ៏​មាន​ព្រះ‌ជន្មាយុ​ថា នៅ​កន្លែង​ណា​ដែល​ទ្រង់​ព្រះ‌ករុណា​ជា​ព្រះ‌អម្ចាស់​នៃ​ទូល‌បង្គំ​គង់​នៅ ទោះ​បើ​ស្លាប់​ឬ​រស់​ក្តី នោះ​ទូល‌បង្គំ ជា​បាវ​បំរើ​ទ្រង់ និង​នៅ​ទី​នោះ​ដែរ

22 ដូច្នេះ ដាវីឌ​មាន​ព្រះ‌បន្ទូល​ប្រាប់​ថា ចូរ​ឆ្លង​ទៅ​ចុះ នោះ​អ៊ីត‌តាយ ជា​អ្នក​ក្រុង​កាថ ព្រម​ទាំង​ពួក​លោក និង​កូន​ចៅ​ទាំង​ប៉ុន្មាន​ដែល​នៅ​ជា​មួយ ក៏​នាំ​គ្នា​ឆ្លង​ទៅ

23 ពួក​អ្នក​ទាំង​ប៉ុន្មាន​នៅ​ស្រុក​នោះ គេ​នាំ​គ្នា​យំ​ដោយ​សំឡេង​ជា​ខ្លាំង ហើយ​បណ្តា‌ជន​ទាំង‌ឡាយ​ក៏​ឆ្លង​ទៅ ឯ​ស្តេច ទ្រង់​យាង​ឆ្លង​ជ្រោះ​កេដ្រុន​ដែរ គ្រប់​គ្នា​ឆ្លង​ទៅ តាម​ផ្លូវ​ដែល​នាំ​ទៅ​ឯ​ទី​រហោ‌ស្ថាន។