19 ស្តេចទ្រង់មានព្រះបន្ទូលសួរអ៊ីតតាយ ជាពួកក្រុងកាថថា ហេតុអ្វីបានជាអ្នកមកជាមួយនឹងពួកយើងដូច្នេះ ចូរត្រឡប់ទៅនៅជាមួយនឹងស្តេចចុះ ដ្បិតអ្នកជាសាសន៍ដទៃ បានត្រូវនិរទេសចោលស្រុករបស់ខ្លួនមក ដូច្នេះ ចូរវិលទៅវិញចុះ
20 ដែលអ្នកទើបនឹងមកពីម្សិលមិញ តើថ្ងៃនេះគួរឲ្យយើង នាំអ្នកមកដើរសាត់ព្រាត់ ទៅជាមួយនឹងយើង ដែលយើងក៏មិនដឹងជាទៅឯណាផងឬអី ចូរត្រឡប់ទៅវិញ ហើយនាំបងប្អូនអ្នកទៅផង សូមឲ្យអ្នកបានប្រកបដោយសេចក្តីមេត្តាករុណា និងសេចក្តីពិតត្រង់ចុះ
21 តែអ៊ីតតាយទូលតបថា ទូលបង្គំស្បថដោយនូវព្រះយេហូវ៉ាដ៏មានព្រះជន្មរស់នៅ និងទ្រង់ព្រះករុណា ជាព្រះអម្ចាស់នៃទូលបង្គំដ៏មានព្រះជន្មាយុថា នៅកន្លែងណាដែលទ្រង់ព្រះករុណាជាព្រះអម្ចាស់នៃទូលបង្គំគង់នៅ ទោះបើស្លាប់ឬរស់ក្តី នោះទូលបង្គំ ជាបាវបំរើទ្រង់ និងនៅទីនោះដែរ
22 ដូច្នេះ ដាវីឌមានព្រះបន្ទូលប្រាប់ថា ចូរឆ្លងទៅចុះ នោះអ៊ីតតាយ ជាអ្នកក្រុងកាថ ព្រមទាំងពួកលោក និងកូនចៅទាំងប៉ុន្មានដែលនៅជាមួយ ក៏នាំគ្នាឆ្លងទៅ
23 ពួកអ្នកទាំងប៉ុន្មាននៅស្រុកនោះ គេនាំគ្នាយំដោយសំឡេងជាខ្លាំង ហើយបណ្តាជនទាំងឡាយក៏ឆ្លងទៅ ឯស្តេច ទ្រង់យាងឆ្លងជ្រោះកេដ្រុនដែរ គ្រប់គ្នាឆ្លងទៅ តាមផ្លូវដែលនាំទៅឯទីរហោស្ថាន។
24 រីឯសាដុក លោកក៏មកដែរ ព្រមទាំងពួកលេវីទាំងអស់ ដែលសែងហឹបនៃសេចក្តីសញ្ញារបស់ព្រះផង គេក៏ដាក់ហឹបនៃព្រះចុះ ហើយអ័បៀថើរលោកឡើងទៅ ដរាបដល់ពួកបណ្តាជន បានចាកចេញផុតពីទីក្រុងទាំងអស់ទៅ
25 រួចស្តេចមានព្រះបន្ទូលទៅសាដុកថា ចូរនាំយកហឹបនៃព្រះត្រឡប់ទៅឯទីក្រុងវិញទៅ បើសិនជាយើង នឹងបានប្រកបដោយព្រះគុណនៃព្រះយេហូវ៉ា នោះមុខជាទ្រង់នឹងនាំយើងមកវិញ ឲ្យបានឃើញទាំងហឹបនេះ និងទីលំនៅរបស់ទ្រង់ផង