២ សាំយូអែល 15:6-12 KHOV

6 អាប់‌សា‌ឡំម​ទ្រង់​តែង​ប្រព្រឹត្ត​យ៉ាង​នេះ ដល់​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា ដែល​នាំ​រឿង​មក​ថ្វាយ​ស្តេច​ឲ្យ​ជំនុំ‌ជំរះ ដូច្នេះ ទ្រង់​បាន​ទាក់​ចិត្ត​ពួក​ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង‌ឡាយ។

7 គ្រា​កន្លង​ដល់​ចុង​ឆ្នាំ​ទី​៤០នោះ​អាប់‌សា‌ឡំម​ទូល​ស្តេច​ថា សូម​ទ្រង់​អនុញ្ញាត​ឲ្យ​ទូល‌បង្គំ​ទៅ​ឯ​ក្រុង​ហេប្រុន ដើម្បី​នឹង​លា​បំណន់ ដែល​ទូល‌បង្គំ​បាន​បន់​ដល់​ព្រះ‌យេហូវ៉ា

8 ដ្បិត​កាល​ទូល‌បង្គំ ជា​អ្នក​បំរើ​ទ្រង់ នៅ​ស្រុក​កេស៊ូរី-អើរ៉ាម​នៅ​ឡើយ នោះ​ទូល‌បង្គំ​បាន​បន់​ទុក​ថា បើ​កាល​ណា​ព្រះ‌យេហូវ៉ា​នាំ​ទូល‌បង្គំ ត្រឡប់​មក​ឯ​ក្រុង​យេរូ‌សាឡិម​វិញ នោះ​ទូល‌បង្គំ​នឹង​ប្រតិ‌បត្តិ​ដល់​ព្រះ‌យេហូវ៉ា

9 ដូច្នេះ ស្តេច​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ចូរ​ទៅ​ដោយ​សុខ‌សាន្ត​ចុះ នោះ​ទ្រង់​ក៏​ក្រោក​ឡើង​ទៅ​ឯ​ក្រុង​ហេប្រុន

10 រួច​ចាត់​មនុស្ស​ឲ្យ​ទៅ​ពេញ​ក្នុង​ពូជ​អំបូរ​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន ប្រាប់​ដោយ​សំងាត់​ថា កាល​ណា​ឮ​សូរ​ផ្លុំ​ត្រែ នោះ​ត្រូវ​ស្រែក​ប្រកាស​ឡើង​ថា អាប់‌សា‌ឡំម ទ្រង់​បាន​សោយ‌រាជ្យ នៅ​ក្រុង​ហេប្រុន​ហើយ

11 មាន​មនុស្ស​២០០​នាក់​ចេញ​ពី​ក្រុង​យេរូ‌សាឡិម ទៅ​ជា​មួយ​នឹង​អាប់‌សា‌ឡំម ទ្រង់​បាន​អញ្ជើញ​គេ​ទៅ គេ​ក៏​ទៅ​ដោយ​ចិត្ត​ត្រង់ ឥត​ដឹង​ការ​អ្វី​ឡើយ

12 ហើយ​កំពុង​ដែល​អាប់‌សា‌ឡំម​ថ្វាយ​យញ្ញ‌បូជា នោះ​ទ្រង់​ក៏​ចាត់​គេ ឲ្យ​ទៅ​ហៅ​អ័ហ៊ី‌ថូ‌ផែល ជា​អ្នក​ស្រុក​គីឡោ ដែល​ជា​បុរោ‌ហិត​របស់​ដាវីឌ ឲ្យ​មក​ពី​គីឡោ ជា​ក្រុង​របស់​ខ្លួន​ដែរ ការ​ក្បត់​នេះ ក៏​បាន​កើត​កាន់​តែ​ខ្លាំង​ឡើង ដ្បិត​មាន​ប្រជា‌ជន​ចុះ​ចូល​ខាង​អាប់‌សា‌ឡំម រឹត​តែ​ច្រើន​ឡើង។