២ សាំយូអែល 16:1-7 KHOV

1 កាល​ដាវីឌ​បាន​យាង​ហួស​ពី​កំពូល​ភ្នំ​បន្តិច​ទៅ នោះ​ឃើញ​ស៊ីបា ជា​អ្នក​បំរើ​របស់​មភីបូសែត មក​ជួប​នឹង​ទ្រង់ នាំ​ទាំង​សត្វ​លា​២​ចង​កែប​ជា​ស្រេច ផ្ទុក​ដោយ​នំបុ័ង​២០០​ដុំ ទំពាំង‌បាយ‌ជូរ​ក្រៀម​១០០​ចង្កោម ហើយ​ផ្លែ​រដូវ​ក្តៅ​១០០ ព្រម​ទាំង​ថង់​ស្បែក​ពេញ​ដោយ​ស្រា​ទំពាំង‌បាយ‌ជូរ​ផង

2 ស្តេច​ទ្រង់​មាន​ព្រះ‌បន្ទូល​សួរ​ស៊ីបា​ថា ឯង​យក​របស់​ទាំង​នេះ​មក​ធ្វើ​អី ស៊ីបា​ទូល​ថា សត្វ​លា​សំរាប់​ជា​ជំនិះ​ដល់​ពួក​ព្រះ‌រាជ‌វង្ស​នៃ​ទ្រង់ ឯ​នំបុ័ង និង​ផ្លែ​រដូវ​ក្តៅ​សំរាប់​ឲ្យ​ពួក​កំឡោះៗ​បរិភោគ ហើយ​ស្រា​ទំពាំង‌បាយ‌ជូរ​សំរាប់​អ្នក​ណា ដែល​ហេវ​នៅ​ទី​រហោ‌ស្ថាន

3 ស្តេច​ទ្រង់​សួរ​ថា តើ​រាជ​បុត្រ​របស់​ចៅ‌ហ្វាយ​ឯង​នៅ​ឯ​ណា ស៊ីបា​ទូល​ថា លោក​នៅ​ឯ​ក្រុង​យេរូ‌សាឡិម ដ្បិត​លោក​គិត​ថា នៅ​ថ្ងៃ​នេះ ពួក​វង្សា‌នុវង្ស​នៃ​សាសន៍​អ៊ីស្រា‌អែល គេ​នឹង​ប្រគល់​រាជ្យ​របស់​បិតា​មក​អញ​វិញ

4 នោះ​ស្តេច​មាន​ព្រះ‌បន្ទូល​ទៅ​ស៊ីបា​ថា នែ របស់​ទ្រព្យ​ទាំង​ប៉ុន្មាន​នៃ​មភីបូសែត​ជា​របស់​ផង​ឯង​វិញ ស៊ីបា​ទូល​ថា បពិត្រ​ព្រះ‌ករុណា​ជា​ព្រះ‌អម្ចាស់​នៃ​ទូល‌បង្គំ​អើយ ទូល‌បង្គំ​ក្រាប​ថ្វាយ‌បង្គំ​ដល់​ទ្រង់ សូម​ឲ្យ​ទូល‌បង្គំ​បាន​ប្រកប​ដោយ​ព្រះ‌គុណ​នៃ​ទ្រង់​ផង។

5 រួច​មក កាល​ស្តេច​ដាវីឌ​ទ្រង់​បាន​យាង​ទៅ​ដល់​ភូមិ​បាហ៊ូរីម នោះ​ឃើញ​មាន​មនុស្ស​ម្នាក់​ជា​ញាតិ‌វង្ស​របស់​សូល ឈ្មោះ​ស៊ីម៉ាយ ជា​កូន​កេរ៉ា អ្នក​នោះ​ចេញ​មក​ទាំង​ជេរ​បណ្តើរ

6 ក៏​យក​ថ្ម​ចោល​ដាវីឌ ហើយ​នឹង​ពួក​មហាតលិក​ទាំង​ប៉ុន្មាន ឯ​ពួក​បណ្ដាជន និង​ពួក​មនុស្ស​ខ្លាំង​ពូកែ​ទាំង​ប៉ុន្មាន គេ​ដើរ​អម​ទ្រង់ ទាំង​ខាង​ស្តាំ និង​ខាង​ឆ្វេង

7 ស៊ីម៉ាយ​វា​ជេរ​ដូច្នេះ​ថា អា​ខ្ចាយ​ឈាម អា​មនុស្ស​ពាល ចូរ​ទៅៗ