10 ស្តេចមានព្រះបន្ទូលថា នែ កូនសេរូយ៉ាអើយ តើយើងនឹងអ្នកមានប្រកបអ្វីនឹងគ្នា ដែលវាជេរប្រមាថដូច្នេះ នោះគឺដោយព្រោះព្រះយេហូវ៉ាទ្រង់បានប្រាប់ឲ្យវាជេរប្រមាថដល់ដាវីឌទេតើ បើយ៉ាងនោះតើអ្នកណានឹងហ៊ានសួរថា ហេតុអ្វីបានជាធ្វើដូច្នេះ
11 រួចដាវីឌមានព្រះបន្ទូលទៅអ័ប៊ីសាយ និងពួកមហាតលិកទ្រង់ទាំងប៉ុន្មានថា មើល អំបាលតែកូនដែលខ្លួនយើងបង្កើត ម៉េចវារកជីវិតយើងទៅហើយ ចំណង់បើពូជពួកបេនយ៉ាមីននេះ តើនឹងលើសជាងអម្បាលម៉ានទៅទៀត កុំធ្វើវា ឲ្យវាជេរចុះ ដ្បិតព្រះយេហូវ៉ាទ្រង់បានបង្គាប់វាមកហើយ
12 ប្រហែលជាព្រះយេហូវ៉ា ទ្រង់នឹងទតមើលសេចក្តីវេទនារបស់យើងទេដឹង រួចទ្រង់នឹងប្រោសសេចក្តីល្អមកយើង ជំនួសសេចក្តីដែលវាជេរប្រមាថនៅថ្ងៃនេះវិញ
13 នោះដាវីឌក៏យាងតាមផ្លូវទៅ ព្រមទាំងពួកទ្រង់ផង ឯស៊ីម៉ាយវាដើរតាមចង្កេះភ្នំទន្ទឹមនឹងទ្រង់ដែរ ទាំងជេរបណ្តើរ ព្រមទាំងចោលថ្មទៅលើទ្រង់ ហើយបាចសាចធូលីដីផង
14 យ៉ាងនោះស្តេច និងពួកបណ្តាជនទាំងប៉ុន្មាន ដែលនៅជាមួយ ក៏ទៅដល់ទីឈប់ទាំងអស់កំឡាំង ហើយគេសំរាកនៅទីនោះ។
15 រីឯអាប់សាឡំម និងជនជាតិអ៊ីស្រាអែលទាំងអស់គ្នា គេក៏មកដល់ក្រុងយេរូសាឡិម មានទាំងអ័ហ៊ីថូផែលមកជាមួយដែរ
16 ហើយកាលហ៊ូសាយ ជាពួកអើគី ជាសំឡាញ់ដាវីឌ បានមកដល់អាប់សាឡំម នោះលោកទូលទៅអាប់សាឡំមថា សូមឲ្យព្រះករុណាមានព្រះជន្មជាយូរអង្វែងទៅ សូមឲ្យព្រះករុណាប្រកបដោយសេចក្តីចំរើន