២ សាំយូអែល 16:16-22 KHOV

16 ហើយ​កាល​ហ៊ូសាយ ជា​ពួក​អើគី ជា​សំឡាញ់​ដាវីឌ បាន​មក​ដល់​អាប់‌សា‌ឡំម នោះ​លោក​ទូល​ទៅ​អាប់‌សា‌ឡំម​ថា សូម​ឲ្យ​ព្រះ‌ករុណា​មាន​ព្រះ‌ជន្ម​ជា​យូរ‌អង្វែង​ទៅ សូម​ឲ្យ​ព្រះ‌ករុណា​ប្រកប​ដោយ​សេចក្តី​ចំរើន

17 អាប់‌សា‌ឡំម​មាន​ព្រះ‌បន្ទូល​ទៅ​ហ៊ូសាយ​ថា អ្នក​សង​គុណ​ដល់​សំឡាញ់​អ្នក​យ៉ាង​ហ្នឹង​ឬ ហេតុ​អ្វី​បាន​ជា​អ្នក​មិន​បាន​ទៅ​តាម​សំឡាញ់​ទៅ

18 នោះ​ហ៊ូសាយ​ទូល​ឆ្លើយ​ថា ទេ តែ​អ្នក​ណា​ដែល​ព្រះ‌យេហូវ៉ា និង​បណ្តា‌ជន​ទាំង​នេះ ហើយ​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា​បាន​រើស នោះ​ទូល‌បង្គំ​នឹង​នៅ​ជា​មួយ​នឹង​អ្នក​នោះ​វិញ

19 មួយ​សោត​ទៀត តើ​គួរ​ឲ្យ​ទូល‌បង្គំ​បាន​បំរើ​ចំពោះ​អ្នក​ណា តើ​មិន​គួរ​ឲ្យ​បំរើ​នៅ​ចំពោះ​ព្រះ‌រាជ​បុត្រា​ទេ​ឬ​អី ដូច្នេះ ទូល‌បង្គំ​នឹង​បំរើ​នៅ​ចំពោះ​ព្រះ‌ករុណា ដូច​ជា​បាន​បំរើ​នៅ​ចំពោះ​ព្រះ‌វរ‌បិតា​ដែរ។

20 នោះ​អាប់‌សា‌ឡំម​មាន​ព្រះ‌បន្ទូល ទៅ​អ័ហ៊ី‌ថូ‌ផែល​ថា ចូរ​បង្ហាញ​គំនិត​របស់​អ្នក ឲ្យ​យើង​ដឹង​ជា​ធ្វើ​យ៉ាង​ណា​ផង

21 អ័ហ៊ី‌ថូ‌ផែល​ក៏​ឆ្លើយ​ថា ដូច្នេះ សូម​ទ្រង់​ចូល​ទៅ​ឯ​ពួក​អ្នក‌ម្នាង​របស់​ព្រះ‌បិតា​ទ្រង់ ដែល​បាន​ទុក​ឲ្យ​រក្សា​ដំណាក់​ចុះ នោះ​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​នឹង​ដឹង​ថា ព្រះ‌បិតា​ទ្រង់​បាន​ស្អប់​ខ្ពើម​ដល់​ទ្រង់​ហើយ នោះ​ពួក​អ្នក​ទាំង​ប៉ុន្មាន​ដែល​នៅ​ជា​មួយ​នឹង​ទ្រង់ គេ​នឹង​បាន​ចំរើន​កំឡាំង​ដៃ​ឡើង

22 ដូច្នេះ គេ​ក៏​ដំឡើង​ត្រសាល​នៅ​លើ​ដំបូល​ដំណាក់​ថ្វាយ​អាប់‌សា‌ឡំម រួច​ទ្រង់​ក៏​ចូល​ទៅ​ឯ​ពួក​អ្នក‌ម្នាង​របស់​បិតា​ទ្រង់ ឲ្យ​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា​ឃើញ​ច្បាស់