4 នោះស្តេចមានព្រះបន្ទូលទៅស៊ីបាថា នែ របស់ទ្រព្យទាំងប៉ុន្មាននៃមភីបូសែតជារបស់ផងឯងវិញ ស៊ីបាទូលថា បពិត្រព្រះករុណាជាព្រះអម្ចាស់នៃទូលបង្គំអើយ ទូលបង្គំក្រាបថ្វាយបង្គំដល់ទ្រង់ សូមឲ្យទូលបង្គំបានប្រកបដោយព្រះគុណនៃទ្រង់ផង។
5 រួចមក កាលស្តេចដាវីឌទ្រង់បានយាងទៅដល់ភូមិបាហ៊ូរីម នោះឃើញមានមនុស្សម្នាក់ជាញាតិវង្សរបស់សូល ឈ្មោះស៊ីម៉ាយ ជាកូនកេរ៉ា អ្នកនោះចេញមកទាំងជេរបណ្តើរ
6 ក៏យកថ្មចោលដាវីឌ ហើយនឹងពួកមហាតលិកទាំងប៉ុន្មាន ឯពួកបណ្ដាជន និងពួកមនុស្សខ្លាំងពូកែទាំងប៉ុន្មាន គេដើរអមទ្រង់ ទាំងខាងស្តាំ និងខាងឆ្វេង
7 ស៊ីម៉ាយវាជេរដូច្នេះថា អាខ្ចាយឈាម អាមនុស្សពាល ចូរទៅៗ
8 ព្រះយេហូវ៉ាបានទំលាក់លោហិតទាំងប៉ុន្មាននៃវង្សរបស់សូលមកលើឯង ដែលឯងបានជែងយករាជ្យរបស់ទ្រង់នោះ ហើយព្រះយេហូវ៉ាបានប្រគល់រាជ្យ ទុកក្នុងអំណាចអាប់សាឡំម ជាកូនឯងវិញ មើល ឥឡូវនេះ ឯងជាប់ក្នុងការអាក្រក់របស់ខ្លួនហើយ ពីព្រោះឯងជាមនុស្សខ្ចាយឈាម។
9 នោះអ័ប៊ីសាយជាកូនសេរូយ៉ាទូលទៅស្តេចថា តើមានហេតុអ្វីឲ្យអាឆ្កែងាប់នេះ បានជេរប្រមាថដល់ទ្រង់ព្រះករុណា ជាព្រះអម្ចាស់នៃទូលបង្គំយ៉ាងនេះ សូមអនុញ្ញាតឲ្យទូលបង្គំទៅកាត់ក្បាលវាចេញ
10 ស្តេចមានព្រះបន្ទូលថា នែ កូនសេរូយ៉ាអើយ តើយើងនឹងអ្នកមានប្រកបអ្វីនឹងគ្នា ដែលវាជេរប្រមាថដូច្នេះ នោះគឺដោយព្រោះព្រះយេហូវ៉ាទ្រង់បានប្រាប់ឲ្យវាជេរប្រមាថដល់ដាវីឌទេតើ បើយ៉ាងនោះតើអ្នកណានឹងហ៊ានសួរថា ហេតុអ្វីបានជាធ្វើដូច្នេះ