1 មួយទៀត អ័ហ៊ីថូផែល លោកទូលទៅអាប់សាឡំមថា សូមឲ្យទូលបង្គំទៅរើសទាហាន១ម៉ឺន២ពាន់នាក់នាំចេញទៅ ដេញតាមដាវីឌនៅយប់នេះឯង
2 ទូលបង្គំ នឹងបានទាន់ ក្នុងកាលដែលកំពុងតែអស់កំឡាំង ហើយមានដៃខ្សោយ រួចនឹងធ្វើឲ្យភ័យ យ៉ាងនោះបណ្តាទ័ពទាំងអស់ដែលនៅជាមួយ នឹងរត់ចេញទៅ ទូលបង្គំនឹងវាយតែស្តេចប៉ុណ្ណោះ
3 ហើយនឹងនាំបណ្តាជនទាំងអស់មកវិញថ្វាយដល់ទ្រង់ ដ្បិតបើចាប់បានម្នាក់ដែលទ្រង់ត្រូវរក នោះទុកដូចជាបានមនុស្សទាំងអស់មកវិញដែរ យ៉ាងនោះ បណ្តាជនទាំងអស់គ្នា នឹងបានសេចក្តីសុខហើយ
4 ពាក្យនោះក៏គាប់ព្រះទ័យដល់អាប់សាឡំម និងពួកចាស់ទុំនៃសាសន៍អ៊ីស្រាអែលទាំងអស់គ្នា។
5 តែអាប់សាឡំមមានព្រះបន្ទូលថា ចូរហៅហ៊ូសាយ ជាពួកអើគីមក ដើម្បីយើងបានស្តាប់សេចក្តីដែលគាត់ថាជាយ៉ាងណាដែរ
6 កាលហ៊ូសាយបានមកដល់អាប់សាឡំមហើយ នោះទ្រង់មានព្រះបន្ទូលថា អ័ហ៊ីថូផែលបាននិយាយដូច្នេះ តើគួរឲ្យយើងធ្វើតាមឬអី បើមិនគួរទេ សូមឆ្លើយប្រាប់មកចុះ