23 កាលអ័ហ៊ីថូផែលឃើញថា គេមិនបានតាមគំនិតខ្លួនដូច្នោះ នោះលោកក៏ចងកែបលា ជិះត្រឡប់ទៅដល់ផ្ទះ នៅទីក្រុងរបស់លោកវិញ ចាត់ចែងការក្នុងផ្ទះស្រេចហើយ រួចចងកស្លាប់ទៅ គេបញ្ចុះសពលោកនៅក្នុងផ្នូររបស់ឪពុកលោក។
24 រួចមកដាវីឌយាងទៅដល់ក្រុងម៉ាហាណែម ឯអាប់សាឡំម និងពួកពលទ័ពអ៊ីស្រាអែលទាំងប៉ុន្មាន ដែលនៅជាមួយ ក៏ឆ្លងទន្លេយ័រដាន់ទៅ
25 អាប់សាឡំមបានតាំងអ័ម៉ាសាឡើង ឲ្យធ្វើជាមេទ័ពជំនួសយ៉ូអាប់ រីឯអ័ម៉ាសានេះ លោកជាកូនរបស់សាសន៍អ៊ីស្រាអែលម្នាក់ឈ្មោះយីតរ៉ា ដែលបានចូលទៅឯនាងអ័ប៊ីកែល ជាកូនណាហាស ដែលជាប្អូនស្រីរបស់សេរូយ៉ា ម្តាយយ៉ូអាប់
26 ចំណែកពួកអ៊ីស្រាអែល និងអាប់សាឡំម គេបោះទ័ពនៅស្រុកកាឡាត។
27 កាលដាវីឌបានទៅដល់ម៉ាហាណែមហើយ នោះសូប៊ី ជាកូនណាហាស ដែលនៅត្រង់រ៉ាបា ស្រុករបស់ពួកកូនចៅអាំម៉ូន ហើយម៉ាគារជាកូនអាំមាលនៅឡូរ-ដេបារ និងបារស៊ីឡាយជាពួកកាឡាតដែលនៅរ៉ូគីលីម
28 គេយកគ្រែ ចាន ឆ្នាំងផ្សេងៗ ព្រមទាំងស្រូវភោជ្ជសាលី ស្រូវឱក ម្សៅ លាជ ពពាយ សណ្តែកបាយ និងសណ្តែកលីង
29 ទឹកឃ្មុំ ខ្លាញ់ទឹកដោះ សត្វចៀម ទឹកដោះគោខះ មកសំរាប់ដាវីឌ និងពួកបណ្តាជនដែលនៅជាមួយបានបរិភោគ ដោយថា ពួកបណ្តាជនគេស្រេកឃ្លាន ហើយល្វើយនៅទីរហោស្ថាន។