២ សាំយូអែល 17:5-11 KHOV

5 តែ​អាប់‌សា‌ឡំម​មាន​ព្រះ‌បន្ទូល​ថា ចូរ​ហៅ​ហ៊ូសាយ ជា​ពួក​អើគី​មក ដើម្បី​យើង​បាន​ស្តាប់​សេចក្តី​ដែល​គាត់​ថា​ជា​យ៉ាង​ណា​ដែរ

6 កាល​ហ៊ូសាយ​បាន​មក​ដល់​អាប់‌សា‌ឡំម​ហើយ នោះ​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា អ័ហ៊ី‌ថូ‌ផែល​បាន​និយាយ​ដូច្នេះ តើ​គួរ​ឲ្យ​យើង​ធ្វើ​តាម​ឬ​អី បើ​មិន​គួរ​ទេ សូម​ឆ្លើយ​ប្រាប់​មក​ចុះ

7 ដូច្នេះ ហ៊ូសាយ​ក៏​ទូល​ឆ្លើយ​ថា សេចក្តី​ប្រឹក្សា​ដែល​អ័ហ៊ី‌ថូ‌ផែល​បាន​ទូល​ម្តង​នេះ មិន​ល្អ​ទេ

8 ដ្បិត​ទ្រង់​ជ្រាប​ថា ព្រះ‌បិតា និង​ពួក​អ្នក​ដែល​នៅ​ជា​មួយ សុទ្ធ​តែ​ជា​មនុស្ស​ខ្លាំង​ពូកែ ហើយ​មាន​ចិត្ត​ក្តៅ​ក្រហាយ ដូច​ជា​ខ្លា‌ឃ្មុំ​ញី​នៅ​វាល​ដែល​ត្រូវ​ព្រាត់​ពី​កូន មួយ​ទៀត​ព្រះ‌បិតា​ទ្រង់​ជា​មនុស្ស​ថ្នឹក​ចំបាំង​ផង ទ្រង់​មិន​ផ្ទំ​នៅ​ជា​មួយ​នឹង​ពួក​ពល​ទេ

9 ពេល​ថ្មើរ​នេះ មុខ​ជា​ទ្រង់​ពួន​នៅ​ក្នុង​រណ្តៅ​ណា​មួយ ឬ​នៅ​កន្លែង​ណា​ទៀត​មិន​ខាន ដូច្នេះ កាល​ណា​ចាប់​តាំង​ច្បាំង​គ្នា ហើយ​មាន​ពួក​យើង​ខ្លះ​ដួល​ស្លាប់ នោះ​អ្នក​ណា​ដែល​ឮ គេ​នឹង​ផ្សាយ​ប្រាប់​ថា មាន​ពួក​ខាង​អាប់‌សា‌ឡំម​ស្លាប់​សន្ធឹក​ហើយ

10 យ៉ាង​នោះ ទោះ​ទាំង​មនុស្ស​ក្លាហាន ដែល​មាន​ចិត្ត​ដូច​ជា​សិង្ហ គេ​នឹង​គ្រាក‌ចិត្ត​ដែរ ដ្បិត​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា​ដឹង​ថា ព្រះ‌បិតា​ទ្រង់ និង​ពួក​ដែល​នៅ​ជា​មួយ សុទ្ធ​តែ​ជា​មនុស្ស​ក្លាហាន​ណាស់

11 ឯ​ទូល‌បង្គំ សូម​ថ្វាយ​សេចក្តី​ដូច្នេះ​ថា គួរ​ឲ្យ​ប្រមូល​ពួក​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់​មក​ឯ​ទ្រង់ ចាប់​តាំង​ពី​ក្រុង​ដាន់ រហូត​ទៅ​ដល់​បៀរ-សេបា ដូច​ជា​ខ្សាច់​នៅ​មាត់​សមុទ្រ រួច​យាង​ទៅ​ច្បាំង​ដោយ​ព្រះ‌អង្គ​ទ្រង់​វិញ